(មូស្គូ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេស្គី (Volodymyr Zelenskiy) បាននិយាយថា លោកមិនគិតថា លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៉ី កំពុងតែព្រងើយកន្តើយនោះទេ ក្រោយពីនិយាយថាទីក្រុងមូស្គូ ត្រៀមខ្លួនរួចជាស្រេចដើម្បីប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដើម្បីការពារប្រទេសរបស់ខ្លួននោះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៦ ខែកញ្ញា ឆ្នាំ២០២២។
ក្នុងសុន្ទរកថាតាមទូរទស្សន៍កាលពីសប្តាហ៍មុន ប្រធានាធិបតីរុស្ស៊ីបាននិយាយថា ទីក្រុងមូស្គូនឹងប្រើប្រាស់ «មធ្យោបាយដែលមានទាំងអស់» ដើម្បីការពារប្រទេស និងប្រជាជន ប្រសិនបើបូរណភាពទឹកដីរបស់ខ្លួនត្រូវបានគំរាមកំហែង។ ថ្លែងប្រាប់ទូរទស្សន៍អាមេរិក CBS លោក ហ្សេលេនស្គី បានគូសបញ្ជាក់ «តាមមើលទៅ, ប្រហែល ជាម្សិលមិញវាជា គ្រាន់តែជាការកំញើញ ប៉ុន្តែឥឡូវនេះវាអាចក្លាយជាការពិត, ខ្ញុំគិតថាលោក ពូទីន មិនគ្រាន់តែនិយាយដើម្បីកំញើញ ទៀតឡើយ»។
ប្រធានាធិបតីអ៊ុយក្រែនបានបន្ថែមថា ការវាយប្រហាររបស់រុស្សីទៅលើ ឬនៅជិតរោងចក្រនុយក្លេអ៊ែរអ៊ុយក្រែន ចំនួនពីរ អាចត្រូវបានចាត់ទុកថាជា «ការប្រើប្រាស់អាវុធនុយក្លេអ៊ែរសហសម័យ ឬការគំរាមកំហែងនុយក្លេអ៊ែរ» រួចទៅហើយ។
គួរបញ្ជាក់ថា ទីក្រុងកៀវ បានចោទប្រកាន់ទីក្រុងមូស្គូថាបានបាញ់ផ្លោងម្តងហើយម្តងទៀត ទៅលើរោងចក្រថាមពលនុយក្លេអ៊ែរ ហ្សាប៉ូរ៉ិចហ្ស៉ីយ៉ា (Zaporizhzhia) ដែលកាន់កាប់ដោយរុស្ស៊ីក្នុងអំឡុងពេលសង្រ្គាមនៅអ៊ុយក្រែន ហើយថ្មីៗនេះបានធ្វើការវាយប្រហារដោយមីស៊ីលនៅជិតរោងចក្រនុយក្លេអ៊ែរ ពីវដេននូក្រែនស្កា (Pivdennoukrainska)។
ចំណែក ទីក្រុងមូស្គូបដិសេធការបាញ់ផ្លោងរោងចក្រ Zaporizhzhia ដោយទាមទារឲ្យទីក្រុងកៀវ ទទួលខុសត្រូវ។ ប៉ុន្តែមិនបានធ្វើអត្ថាធិប្បាយចំពោះការវាយប្រហារលើរោងចក្រ Pivdennoukrainska នោះទេ៕