(សេអ៊ូល)៖ កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នៅថ្ងៃចន្ទនេះ បានចាប់ផ្តើមសមយុទ្ធកងទ័ពជើងទឹករួមគ្នា ជាលើកដំបូងក្នុងរយៈពេល៥ឆ្នាំ នៅក្បែរឧបទ្វីបកូរ៉េ មួយថ្ងៃបន្ទាប់ពីទីក្រុងព្យុងយ៉ាងបានបាញ់មីស៊ីលផ្លោង។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៦ ខែកញ្ញា ឆ្នាំ២០២២។
កងទ័ពជើងទឹកកូរ៉េខាងត្បូងបានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា សមយុទ្ធនេះត្រូវបានរៀបចំឡើងដើម្បីបង្ហាញពីឆន្ទៈដ៏មុតមាំនៃសម្ព័ន្ធភាពកូរ៉េខាងត្បូង-អាមេរិក ដើម្បីឆ្លើយតបទៅនឹងការបង្កហេតុរបស់កូរ៉េខាងជើង។សមយុទ្ធខាងលើនេះគឺមានរយៈពេល៤ថ្ងៃ នៅលើឆ្នេរសមុទ្រភាគខាងកើតរបស់កូរ៉េខាងត្បូង ចូលរួមដោយនាវាជាង២០គ្រឿង និងយន្តហោះជាច្រើនប្រភេទ ដែលនឹងហាត់សមលើប្រតិបត្តិការប្រឆាំងនាវា និងប្រឆាំងនាវាមុជទឹក សមយុទ្ធយុទ្ធសាស្ត្រ និងប្រតិបត្តិការដែនសមុទ្រដទៃទៀត។
លោក ខ្វាក ខ្វាងសុប (Kwak Kwang-sub) មន្ត្រីជាន់ខ្ពស់កងទ័ពជើងទឹកកូរ៉េខាងត្បូង បានគូសបញ្ជាក់ថា តាមរយៈសមយុទ្ធនេះ យើងនឹងធ្វើឱ្យប្រសើរឡើងបន្ថែមទៀតនូវសមត្ថភាពក្នុងការធ្វើប្រតិបត្តិការរួមគ្នា រវាងកងកម្លាំងជើងទឹកនៃប្រទេសទាំងពីរ។ សមយុទ្ធនេះធ្វើឡើង បន្ទាប់ពីក្រុងព្យុងយ៉ាង បានបាញ់មីស៉ីសបាលិស្ទីគរយៈចម្ងាយខ្លី កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ ដែលជាការសាកល្បងអាវុធថ្មីចុងក្រោយបំផុតរបស់ខ្លួនក្នុងឆ្នាំនេះ។
គួរបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោន គឺជាសម្ព័ន្ធមិត្តខាងសន្តិសុខដ៏សំខាន់របស់ទីក្រុងសេអ៊ូល និងមានទាហានប្រហែល ២៨,៥០០នាក់នៅកូរ៉េខាងត្បូង ដើម្បីជួយការពារពីកូរ៉េខាងជើងដែលមានអាវុធនុយក្លេអ៊ែរ៕