(ម៉ានីល)៖ អាជ្ញាធរហ្វីលីពីន នៅថ្ងៃចន្ទនេះ បានប្រញាប់ប្រញាល់ចែកចាយជំនួយដល់ជនភៀសខ្លួនរាប់ពាន់នាក់ បន្ទាប់ពីព្យុះទីហ្វុង ណូរូ (Noru) បានបោកបក់នៅក្នុងរដ្ឋធានី និងខេត្តភាគខាងជើង ដោយបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៥នាក់ស្លាប់ និងតំបន់ជាច្រើនត្រូវបានជន់លិច។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៦ ខែកញ្ញា ឆ្នាំ២០២២។
ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស បានថ្លែងក្នុងសន្និសីទសារព័ត៌មាន ជាមួយមន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃចន្ទនេះ ដោយសំដៅទៅលើមនុស្ស ៧៤,០០០នាក់ ដែលត្រូវបានបង្ខំឲ្យជម្លៀសខ្លួនទៅកាន់ទីសុវត្ថិភាព យ៉ាងដូច្នេះថា «ចំណុចសំខាន់ដែលយើងអាចធ្វើបានគឺនៅពេលនេះ គឺប្រាកដថា ដែលអ្នកជម្លៀសភាគច្រើនអាចត្រឡប់ទៅផ្ទះរបស់ពួកគេវិញបាន»។
លោកប្រធានាធិបតីហ្វីលីពីន បានចេញបញ្ជាឲ្យនាំយកជំនួយទៅផ្គត់ផ្គង់ដល់ពលរដ្ឋ តាមផ្លូវតាមអាកាស ហើយឧបករណ៍សម្អាតត្រូវបានផ្តល់ជូនដល់សហគមន៍ដែលរងផលប៉ះពាល់ភាគច្រើន ព្រមជាមួយនឹងការបញ្ជាឲ្យមន្ត្រីផ្តល់ការផ្គត់ផ្គង់ថាមពលសង្គ្រោះបន្ទាន់ ដល់ខេត្តចំនួនពីរនៅភាគខាងជើងនៃរដ្ឋធានី គឺខេត្ត អារ៉ូរ៉ា (Aurora) និង នូវ៉ា អ៉ីស៉ីចា (Nueva Ecija) ដែលត្រូវបានទុកចោលដោយសារតែគ្មានអគ្គិសនី។
គួរបញ្ជាក់ថា Noru ជាព្យុះទីហ្វុង ទី៣ ប្រចាំនេះ ដែលបានបោកបក់មកលើប្រទេសហ្វីលីពីន ហើយបានថមថយឥទ្ធិពលកាលពីយប់ថ្ងៃអាទិត្យ។ ព្យុះនេះកំពុងធ្វើដំណើរឆ្ពោះទៅសមុទ្រចិនខាងត្បូង និងឆ្ពោះទៅប្រទេសវៀតណាម៕