(តូក្យូ)៖ ប្រធានខុទ្ទកាល័យនៃគណៈរដ្ឋមន្រ្តីជប៉ុន លោក ហ៉ីរ៉ូកាហ្សូ ម៉ាតស៊ូណូ (Hirokazu Matsuno) បាននិយាយនៅថ្ងៃចន្ទនេះថា ប្រទេសជប៉ុនបានសម្រេចហាមឃាត់ការនាំចេញទំនិញទាក់ទងនឹងអាវុធគីមី ទៅកាន់ប្រទេសរុស្ស៊ីនៅក្នុងការដាក់ទណ្ឌកម្មបន្ថែមប្រឆាំងនឹងទីក្រុងមូស្គូជុំវិញការវាយប្រហារនៅអ៊ុយក្រែន និងដោយក្តីបារម្ភយ៉ាងខ្លាំងអំពីការប្រើប្រាស់អាវុធនុយក្លេអ៊ែរដែលអាចកើតមាន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៦ ខែកញ្ញា ឆ្នាំ២០២២។
លោក ម៉ាតស៊ូណូ បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយយ៉ាងដូច្នេះថា «ប្រទេសជប៉ុនមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីលទ្ធភាពនៃអាវុធនុយក្លេអ៊ែរ ក្នុងអំឡុងពេលការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន»។
លោកបានបន្ថែមថា ប្រទេសជប៉ុននឹងបន្តធ្វើការជាមួយសហគមន៍អន្តរជាតិក្នុងការគាំទ្រអ៊ុយក្រែន និងដាក់ទណ្ឌកម្មរុស្ស៊ី ជាបន្តទៀត។
សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលជប៉ុន បានឲ្យដឹងថាបន្ទាប់ពីកិច្ចប្រជុំ គណៈរដ្ឋមន្ត្រីបានអនុម័តជាផ្លូវការនូវវិធានការដាក់ទណ្ឌកម្មថ្មីដែលបានប្រកាសដោយរដ្ឋមន្ត្រីការបរទេស ក្នុងកិច្ចប្រជុំក្រុមប្រទេស G7 កាលពីសប្តាហ៍មុន។ ជាមួយគ្នានេះ ជប៉ុនក៏បានបន្ថែមអង្គការរុស្ស៊ីចំនួន២១ ផ្សេងទៀត ដូចជាមន្ទីរពិសោធន៍វិទ្យាសាស្ត្រ ជាគោលដៅនៃការហាមឃាត់ការនាំចេញដែលមានស្រាប់៕