(តូក្យូ)៖ អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ សិនហ្សូ បានទទួលមរណភាព បន្ទាប់ពីរងការបាញ់ប្រហារកំឡុងពេលថ្លែងសុរន្ទកថាមួយក្នុងទីក្រុង Nara ភាគខាងលិចប្រទេសជបុន។
បើតាមសារព័ត៌មាន NHK របស់ជប៉ុន លោក អាបេ ត្រូវបានខ្មាន់កាំភ្លើងបាញ់ឱ្យរបួសធ្ងន់ចំទ្រូង និងកផ្នែកខាងស្ដាំ ខណៈលោកកំពុងថ្លែងសុន្ទរកថា សម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតមួយនៃបេក្ខជន មកពីគណបក្សសេរីប្រជាធិបតេយ្យ ខណៈការបោះឆ្នោតសភាជាន់ខ្ពស់ជប៉ុន នឹងធ្វើឡើងនៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ។ បុរសម្នាក់ជាជនសង្ស័យម្នាក់មានឈ្មោះថា យ៉ាម៉ាហ្កាមិ តេស៊ុយ៉ា (Yamagami Tetsuya) មានអាយុ៤១ឆ្នាំ និងជាអតីតសមាជិកកងកម្លាំងស្វ័យការពារជប៉ុន ត្រូវបានប៉ូលិសចាប់ខ្លួន។
រដ្ឋាភិបាលជប៉ុន ចំណាយប្រាក់ប្រមាណ១២លានដុល្លារ សម្រាប់ការរៀបចំពិធីបុណ្យសពថ្នាក់ជាតិ ជូនអតីតនាយករដ្ឋមន្ត្រី លោក អាបេ ស៉ីនហ្សូ (Shinzo Abe) ហើយនេះជាការប៉ាន់ប្រមាណថ្មីរបស់រដ្ឋាភិបាលទីក្រុងតូក្យូ ដោយរួមបញ្ចូលថ្លៃការពារសន្តិសុខ និងថ្លៃទទួលភ្ញៀវ។
ភ្ញៀវកិត្តិយសប្រហែល ៦,០០០នាក់ រួមទាំងឥស្សរជនបរទេស ត្រូវបានគេរំពឹងថានឹងចូលរួមក្នុងពិធីបុណ្យសពថ្នាក់របស់លោក អាបេ ដែលនឹងប្រារព្ធឡើងនៅថ្ងៃ ទី២៧ ខែកញ្ញា នៅសាលនីបពុន ប៊ូដូកាន (Nippon Budokan) ទីក្រុងតូក្យូ។
នាយករដ្ឋមន្រ្តីជប៉ុនលោក គីស៉ីដា ហ្វូមីអុ (Kishida Fumio) បានសម្រេចថា ការចំណាយសម្រាប់ពិធីបុណ្យសពថ្នាក់ជាតិរបស់លោក អាបេ ត្រូវរ៉ាប់រងទាំងស្រុងដោយថវិការបស់រដ្ឋ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងជំនួបពិភាក្សាការងារជាមួយលោក លោក គីតាអូកា ហ្ស៊ីនអ៊ីឈិ (Kataoka Shinichi) អតីតប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (ចៃកា-JICA) នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២កន្លងទៅថ្មីៗ ធ្លាប់បានគូសរំលេចនូវគុណបំណាច់ជាច្រើនរបស់លោក ស៊ីនហ្សូ អាបេ អតីតនាយករដ្ឋមន្ត្រីជប៉ុន ចំពោះកម្ពុជា និងបណ្តាប្រទេសនៅក្នុងតំបន់ ជាពិសេសការជំរុញលើកកម្ពស់ទំនាក់ទំនងកម្ពុជា និងជប៉ុន។
សម្តេចតេជោ មកបញ្ជាក់ថា «ឯកឧត្តម អាបេ បានបន្សល់ទុកនូវសមិទ្ធផលយ៉ាងច្រើននៅកម្ពុជា ក្នុងនោះរួមទាំងស្ពានគីហ្សូណា ស្ពានអ្នកលឿង ផ្លូវជាតិលេខ១ ផ្លូវជាតិលេខ៥ និងសមិទ្ធិផលផ្សេងៗទៀត។ ក្រៅពីជួយកម្ពុជា តាមរយៈជំនួយរដ្ឋាភិបាល ឯកឧត្តម អាបេ ក៏បានជួយកម្ពុជា តាមរយៈការកសាងសាលារៀនឲ្យកម្ពុជា តាមរយៈសមាគមសភាជប៉ុនផងដែរ»។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានលើកបង្ហាញពីគុណសម្បត្តិរបស់លោក អាបេ ទៀតថា តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះការងារតំបន់ ក៏ដូចជាការងារមនុស្សធម៌ផងដែរ។ លោក អាបេ តែងតែឆ្លៀតចូលរួមកិច្ចប្រជុំជប៉ុន-មេគង្គ យ៉ាងទៀងទាត់ ទោះមានការមមារញឹកយ៉ាងណាក៏ដោយ។ រាល់ពេលប្រជុំ លោកតែងតែសុំការគាំទ្រលើបញ្ហាការចាប់ជំរិតជនជាតិជប៉ុន ដោយប្រទេសកូរ៉េខាងជើង។ សម្ដេចតេជោ បានលើកឡើងថា ការចាកចេញរបស់លោក អាបេ គឺជាការបាត់បង់មិត្តភក្កិម្នាក់ ដែលធ្លាប់ជួយកម្ពុជាក្នុងគ្រាលំបាក។
សម្តេចតេជោ ហ៊ុន សែន បានយកថ្ងៃទី១០ ខែកក្កដា កាន់មរណទុក្ខចំពោះមរណភាពរបស់លោក អាបេ ដើម្បីបង្ហាញនូវការគោរពដល់វិញ្ញាណក្ខន្ធរបស់សព។ សម្តេចតេជោ ហ៊ុន សែន ក៏បានដឹកនាំមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ចូលរួមគោរពវិញ្ញាណក្ខន្ធរបស់លោក អាបេ នៅស្ថានទូតជប៉ុនប្រចាំនៅកម្ពុជាផងដែរ។
* ស្វែងយល់ពីប្រវត្តិ៖ តើលោក អាបេជានរណា?
លោក អាបេ មានអាយុ៦៧ឆ្នាំ បានកាន់តំណែងជានាយករដ្ឋមន្ត្រីជប៉ុន ពីឆ្នាំ២០០៦ ដល់ឆ្នាំ២០០៧ និងពីឆ្នាំ២០១២ ដល់ឆ្នាំ២០២០។ គណបក្សសេរីប្រជាធិបតេយ្យរបស់លោក អាបេ បានគ្រប់គ្រងនយោបាយជប៉ុន ចាប់តាំងពីងឆ្នាំ១៩៥៥មក។ លោក អាបេ បានលាលែងចេញពីតំណែងនៅខែសីហា ឆ្នាំ២០២០ ក្រោមហេតុផលបញ្ហាសុខភាព តែលោកគឺជា មេដឹកនាំម្នាក់ ដែលកាន់តំណែងជានាយករដ្ឋមន្ត្រីជប៉ុនបានយូរជាងគេ។
* ហេតុអ្វីលោក អាបេ សំខាន់ចំពោះនយោបាយជប៉ុន?
ទោះជាបានលាលែងចេញពីតំណែងក៏ពិតមែន តែលោក អាបេ នៅតែបន្តមានឥទ្ធិពលយ៉ាងខ្លាំងលើនយោបាយជប៉ុន ដោយសារតែភាពជោគជ័យនៃនយោបាយសេដ្ឋកិច្ច «Abenomics» របស់លោក។
លោកជាមនុស្សម្នាក់ដែលដឹកនាំយុទ្ធនាការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញសន្តិនិយមរបស់ជប៉ុន ដែលបានអនុញ្ញាតឱ្យជប៉ុនអាចធ្វើសកម្មភាព យោធាជួយដល់សម្ព័ន្ធមិត្ត ជាផ្នែកមួយនៃការពង្រឹងវិស័យការពារជាតិជប៉ុន។ បន្ថែមពីលើនេះ នៅក្នុងអាណត្តិដំបូង លោក អាបេ បានចូលរួមចំណែកយ៉ាងខ្លាំងក្នុងការស្ដារឡើងវិញ សម្ព័ន្ធភាពសន្តិសុខចតុភាគី ឬហៅកាត់ថា ក្វាដ (Quad) ជាមួយឥណ្ឌា អូស្ត្រាលី និងសហរដ្ឋអាមេរិក ក្នុងគោលបំណងខ្ទប់ការកើនឡើងឥទ្ធិពលចិន។ លោក អាបេ ក៏ជាមនុស្សម្នាក់ ដែលមានបានជំរុញឱ្យសហរដ្ឋអាមេរិក បោះបង់ចោលគោលនយោបាយមិនច្បាស់ចំពោះតៃវ៉ាន់ផងដែរ។
* ភរិយារបស់អតីតនាយករដ្ឋមន្ត្រីជប៉ុន ស៉ីនហ្សូ អាបេ ជានរណា? ខណៈរៀបការ៣៥ឆ្នាំអត់មានកូន
ភរិយាលោក Shinzo Abe គឺលោកស្រី Akie Abe អាយុ៦០ឆ្នាំ ដែលបានកើតក្នុងត្រកូលគ្រួសារ អ្នកមាន មួយ នៅប្រទេសជប៉ុន។ ឪពុកគាត់ជាប្រធានក្រុមហ៊ុនធ្វើនំ Morinaga & Co.។
លោកស្រីបានសិក្សានៅសាលាឯកជនមួយ សម្រាប់តែសិស្សស្រី ហើយក្រោយមកបានធ្វើការឱ្យក្រុមហ៊ុនផ្សាយពាណិជ្ជកម្មមួយ មុនពេលនាងរៀបការជាមួយលោក Abe ក្នុងឆ្នាំ១៩៨៧។
លោកស្រី Akie ធ្លាប់ធ្វើការជាឌីជេឱ្យវិទ្យុមួយ នៅប្រទេសជប៉ុនក្នុងទសវត្សរ៍ឆ្នាំ១៩៩០ នៅក្នុងទីក្រុងកំណើតរបស់លោក Abe ហើយទទួលបានប្រជាប្រិយភាព ក្នុងចំណោមអ្នកស្តាប់តាមរយៈឈ្មោះហៅក្រៅរបស់គាត់ថា «Akky»។
នៅខែមីនា ឆ្នាំ២០១១ លោកស្រីបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ អនុបណ្ឌិតរដ្ឋបាលជំនាញផ្នែករចនាសង្គម។ លោក អាបេ និងភរិយា មិនមានកូនទេ ទោះបីជាបានឆ្លងកាត់នីតិវិធីពេទ្យជាច្រើន លើកចង់ឱ្យមានកូនក្តី។
លោក អាបេ កូនក្នុងត្រកូលគ្រួសារដែលមានឥទ្ធិពលលើវិស័យនយោបាយ។ លោកកើតនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៥១ នៅក្នុងទីក្រុងតូក្យូ។ លោក ស៉ិនហ្សូ អាបេ មានឪពុកឈ្មោះ ស៊ិនតារ៉ូ អាបេ ជាអតីតរដ្ឋមន្ត្រីការបរទេស ដែលកាន់តំណែងយូរបំផុតរបស់ជប៉ុន។ ម្តាយឈ្មោះ យូកូ កីស៉ី ជាអតីតនាយករដ្ឋមន្ត្រីជប៉ុន Nobusuke Kishi៕
វិដេអូបង្ហាញពីអតីតនាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ សិនហ្សូ រងការបាញ់ប្រហារកំឡុងពេលថ្លែងសុរន្ទកថាមួយក្នុងទីក្រុង Nara ប្រទេសជប៉ុន៖ Telegram https://t.me/freshnewsasia/98422