(ដាកា)៖ យ៉ាងហោចណាស់មនុស្ស ២៤នាក់បានស្លាប់ និងរាប់សិបនាក់បានបាត់ខ្លួន បន្ទាប់ពីកាណូតមួយគ្រឿងផ្ទុកអ្នកកាន់សាសនាហិណ្ឌូ បានលិចកាលពីថ្ងៃអាទិត្យ (២៥ កញ្ញា) នៅប្រទេសបង់ក្លាដែស ក្នុងគ្រោះមហន្តរាយផ្លូវទឹកដ៏អាក្រក់បំផុត ដែលបានវាយប្រហារប្រទេសនេះក្នុងរយៈពេលជាងមួយឆ្នាំ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AP នៅថ្ងៃអាទិត្យ ទី២៥ ខែកញ្ញា ឆ្នាំ២០២២។

លោក Jahurul Islam អភិបាលស្រុក Panchagarh ជាកន្លែងដែលឧបទ្ទវហេតុបានកើតឡើង បាននិយាយថា សាកសពដែលបានរកឃើញមកទល់ពេលនេះ រួមមានស្ត្រី ១២នាក់ និងកុមារ ០៨នាក់។

លោកបាននិយាយថា «ប្រតិបត្តិការជួយសង្គ្រោះអ្នកបាត់ខ្លួន កំពុងដំណើរការ»

លោក Islam បានបន្តថា គាត់មិនបានដឹងពីចំនួនពិតប្រាកដ នៃអ្នកបាត់ខ្លួននោះទេ ប៉ុន្តែអ្នកដំណើរបាននិយាយថា មនុស្សជាង ៧០នាក់បាននៅលើកាណូតនោះ។

ប៉ូលីសបាននិយាយថា មនុស្សប្រហែល ៣០នាក់នៅតែបាត់ខ្លួន ខណៈដែលអ្នកដំណើរខ្លះអាចហែលទឹកទៅលើច្រាំងបាន៕