(ប៉េកាំង)៖ ស៊ីនជាំង គឺជាប្រធានបទដ៏ពេញនិយមដែលបស្ចិមលោក និងប្រព័ន្ធផ្សព្វផ្សាយរបស់ពួកគេបានប្រើប្រាស់ជាប្រចាំដើម្បីវាយប្រហារប្រទេសចិន បំផ្លាញ កេរ្ដិ៍ឈ្មោះ និងធ្វើឲ្យប្រទេសចិនឯកោនៅលើឆាកអន្តរជាតិ និងផ្ដល់ជាលេសដើម្បីដាក់ទណ្ឌកម្មនិងរារាំងបន្ទុចបង្អាក់វឌ្ឍនភាពរបស់ប្រទេសចិន។ ការចោទប្រកាន់ គ្មានមូលដ្ឋាន ស្ដីពីការរំលោភបំពានសិទ្ធិមនុស្ស ពលកម្មដោយបង្ខំ និងរហូតទៅដល់អំពើប្រល័យពូជសាសន៍នៅតំបន់ស៊ីនជាំង ត្រូវបានផ្សព្វផ្សាយយ៉ាង ទូលំទូលាយនៅលើប្រព័ន្ធផ្សព្វផ្សាយបស្ចិមលោក។
យុទ្ធនាការចោទប្រកាន់បែបនេះ ធ្វើឲ្យយើងនឹកឃើញទៅដល់ការចោទប្រកាន់ដែលសហរដ្ឋអាមេរិកបានប្រើប្រាស់ធ្វើជាលេស ដើម្បីប្រើប្រាស់កម្លាំងយោធា ផ្ដួលរំលំរបបគ្រប់គ្រងរបស់លោក សាដាម ហ៊ូសេន កាលពីឆ្នាំ២០០៣ ក៏ប៉ុន្តែរហូតមកដល់ពេលនេះ ពុំមានអាវុធមហាប្រល័យណាមួយត្រូវបានរកឃើញ នៅក្នុងប្រទេសអ៊ីរ៉ាក់នោះឡើយ។ ជាក់ស្ដែង ស្ថានភាពពិតនៅស៊ីនជាំង ខុសស្រឡះពីរូបភាពដែលប្រព័ន្ធផ្សព្វផ្សាយបស្ចិមលោកព្យាយាមបង្ហាញទៅកាន់ សាធារណជន។ នាពេលបច្ចុប្បន្ន តំបន់ស៊ីនជាំង មានសុវត្ថិភាពនិងស្ថេរភាពពេញលេញ ដែលខុសប្លែកយ៉ាងខ្លាំងពីស្ថានភាពកាលពីអតីតកាល។
ប្រជាជនគ្រប់ក្រុមជាតិពន្ធុ កំពុងរស់នៅប្រកបដោយភាពសុខដុម ដោយទទួលបាននូវការអភិវឌ្ឍដ៏ល្អ។ ប្រសិនបើយើងពិនិត្យមើលនិន្នាការនៃវឌ្ឍនភាពនៅ តំបន់ស៊ីនជាំង យើងពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះភាពប្រែប្រួលរីកចម្រើនដ៏ខ្លាំងក្លារបស់តំបន់នេះ។ ក្នុងរយៈពេលជាង៦ទសវត្សរ៍កន្លងទៅនេះ ផលិតផល ក្នុងស្រុកសរុបរបស់តំបន់ស៊ីនជាំង បានកើនឡើង ១៦០ដង ដោយកើនពីទំហំត្រឹមតែ ១,២ប៊ីលានយ័ន នៅឆ្នាំ១៩៥៥ ទៅដល់ទំហំ ១,៤ ទ្រីលានយ័ន នៅឆ្នាំ២០២០ ចំណែកឯផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ៗ បានកើនចំនួន ៣០ដង ដោយកើនពី ២៤១ យ័ន នៅឆ្នាំ១៩៥៥ ទៅដល់ ៥៣,៥៩៣ យ័ន នៅឆ្នាំ២០២០។
ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ប្រជាជនជាង ៣លាននាក់ នៅស៊ីនជាំង ត្រូវបានរំដោះចេញពីភាពក្រីក្រ ដែលធ្វើឲ្យភាពក្រីក្រទុរគតនៅក្នុងតំបន់នេះ ត្រូវបានលុបបំបាត់ទាំងស្រុង។ ការយកចិត្តទុកដាក់របស់រដ្ឋាភិបាលចិនទៅលើវិស័យសុខាភិបាល នៅស៊ីនជាំង បានធ្វើឲ្យសុខមាលភាពរបស់ប្រជាជន ល្អប្រសើរជាងមុនយ៉ាងខ្លាំង និងបានកាត់បន្ថយអត្រាមរណភាពគួរឲ្យកត់សម្គាល់។ កាលពីឆ្នាំ ១៩៤៩ ប្រជាជននៅស៊ីនជាំង ត្រូវគេរំពឹងទុកថាអាចរស់នៅជាមធ្យម បានត្រឹមតែអាយុ ៣០ឆ្នាំតែប៉ុណ្ណោះ ក៏ប៉ុន្តែនៅឆ្នាំ ២០១៩ អាយុរំពឹងទុកជាមធ្យមរបស់ប្រជាជននៅតំបន់ស៊ីនជាំង បានកើនឡើងដល់ ៧៤.៧ឆ្នាំ។
ទន្ទឹមគ្នានេះ ការអប់រំរបស់ជនជាតិអ៊ុយហ័រ (ឬហៅថាវៃវូអឺ) ដែលជាគោលដៅនៃការចោទប្រកាន់អវិជ្ជមាននានា មានការវិវឌ្ឍរីកចម្រើនគួរឲ្យកត់សម្គាល់។ លទ្ធផលជំរឿនប្រជាជនឆ្នាំ២០២០ បង្ហាញថាប្រជាជនអ៊ុយហ័រ ៨.៩៤៤នាក់ ក្នុងចំណោម ១០០.០០០ នាក់ ទទួលបានការអប់រំកម្រិតឧត្ដមសិក្សា ដែលកាលពី ឆ្នាំ២០០០ តួលេខនេះមានត្រឹមតែ ៦.៥៤០នាក់ តែប៉ុណ្ណោះ។ ភាពចម្រុះផ្នែកភាសានិងសិទ្ធិសេរីភាពសាសនា ត្រូវបានធានាពេញលេញ។ នាពេលបច្ចុប្បន្ន ភាសាសរសេរនិងនិយាយជាង ១០ភាសាត្រូវបានប្រើប្រាស់ជាទូទៅដោយក្រុមជាតិពន្ធុផ្សេងៗគ្នានៅស៊ីនជាំង។
តំបន់ស៊ីនជាំងទាំងមូល មានវិហារសាសនាអ៊ីស្លាមចំនួន ២៤.៤០០ ដែលតួលេខនេះមានន័យថា មានវិហារមួយសម្រាប់សាសនិកអ៊ីស្លាម ៥៣០នាក់។ និយាយ ម្យ៉ាងទៀត តំបន់ស៊ីនជាំង មានវិហារសាសនាអ៊ីស្លាមច្រើនជាងចំនួនវិហារសាសនាអ៊ីស្លាមនៅសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស អាល្លឺម៉ង់ និងបារាំង បូករួមបញ្ចូលគ្នាទាំងអស់។ វាជារឿងមិនសមហេតុផលទាល់តែសោះដែលបស្ចិមលោក ធ្វើការចោទប្រកាន់អំពីពលកម្មដោយបង្ខំ។ ទិន្នន័យកាលពីឆ្នាំ២០២១ កន្លងទៅ បានបង្ហាញថា ជាង ៨០ %នៃការដាំដុះដំណាំកប្បាសនៅស៊ីនជាំង ត្រូវបានអនុវត្តដោយប្រើប្រាស់ម៉ាស៊ីន ជាងនេះទៅទៀត នៅទីកន្លែងខ្លះការប្រើប្រាស់ ម៉ាស៊ីន កើនរហូតដល់ជាង ៩៨%។
កំណើននៃការប្រើប្រាស់ម៉ាស៊ីនក្នុងវិស័យកសិកម្ម បូករួមនិងកំណើនប្រជាជនដ៏ខ្ពស់នៅក្នុងតំបន់នេះ ធ្វើឲ្យមានកង្វះការងារ និងទាមទារឲ្យបង្កើនការផ្គត់ផ្គង់ ការងារបន្ថែម។ ដោយសារមូលហេតុនេះ ក្នុងរយៈពេលមួយទស្សវត្សរ៍កន្លងទៅ រដ្ឋាភិបាលចិន បានខិតខំព្យាយាមជំរុញលើកទឹកចិត្តវិនិយោគិនទាំងក្នុងប្រទេស និងមកពីបរទេស ធ្វើការវិនយោគនៅក្នុងតំបន់ស៊ីនជាំង ដើម្បីបង្កើតការងារសម្រាប់ប្រជាជននៅក្នុងតំបន់នោះ។ តើអំពើប្រល័យពូជសាសន៍កើតឡើង ដោយរបៀបណា បើប្រជាជនដែលត្រូវគេចោទប្រកាន់ថាបានរងគ្រោះពីអំពើប្រល័យពូជសាសន៍ មានកំណើនលើសអត្រាកំណើនប្រជាជនថ្នាក់ជាតិទៅទៀត?
ក្នុងរយៈពេលជាង ៤ទសវត្សរ៍កន្លទៅ ចំនួនប្រជាជនអ៊ុយហ្គ័របានកើនឡើងជាងពីរដង ពោលគឺកើនខ្ពស់ជាងកំណើនប្រជាជនមធ្យមនៅទូទាំងប្រទេស។ យោងតាម ជំរឿនប្រជាជនឆ្នាំ២០២០ នាពេលបច្ចុប្បន្ន ប្រជាជនសរុបនៅក្នុងតំបន់ស៊ីនជាំង មានចំនួនជិត ២៦លាននាក់ ដោយកើនឡើងពីចំនួនត្រឹមតែ ៤,៣៣លាននាក់ កាលពីឆ្នាំ១៩៤៩។ កាលពីឆ្នាំ១៩៥៣ ជនជាតិអ៊ុយហ័រមានចំនួនត្រឹមតែ៣,៦ លាននាក់តែប៉ុណ្ណោះ ប៉ុន្តែនៅឆ្នាំ២០២០ ចំនួនជនជាតិអ៊ុយហ័របានកើនឡើងដល់ ១១,៦២លាននាក់។
នាពេលកន្លងមក សហរដ្ឋអាមេរិកបានវាយប្រហារឥតឈប់ឈរទៅលើកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលចិន ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម នៅតំបន់ស៊ីនជាំង។ គោលបំណងចម្បងរបស់រដ្ឋាភិបាលចិន គឺធានាថាប្រជាជនគ្រប់ជាតិពន្ធុទាំងអស់ អាចរស់នៅប្រកបដោយសុវត្ថិភាព ដោយពុំទទួលរងនូវ ការវាយប្រហារភេរវកម្ម។ ប្រទេសបស្ចិមលោកបានអនុវត្តវិធានការជាច្រើនដើម្បីប្រយុទ្ធប្រឆាំងអំពើភេរវកម្ម។ ប្រទេសចិន ក៏ប្រើប្រាស់វិធានការប្រយុទ្ធប្រឆាំងនឹង ភេរវកម្មដូចប្រទេសបស្ចិមលោកផងដែរ ដោយវិធានការរបស់ប្រទេសចិន សុទ្ធតែអនុលោមទៅតាមច្បាប់។ ក៏ប៉ុន្តែយើងសង្កេតឃើញស្តង់ដារពីរដែល ប្រទេសបស្ចិមលោកកំពុងប្រើប្រាស់ដើម្បីវិនិច្ឆ័យ។
នៅពេលប្រទេសលោកខាងលិចនិងសម្ព័ន្ធមិត្តរបស់ខ្លួន ចាត់វិធានការប្រឆាំងភេរវកម្ម ពួកគេហៅវិធានការទាំងនោះថាជាវិធានការត្រឹមត្រូវដើម្បី ការពារសន្តិសុខជាតិ ក៏ប៉ុន្តែនៅពេលប្រទេសចិនអនុវត្តវិធានការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម ពួកគេបែរជាដាក់ឈ្មោះថាជាការរំលោភបំពានសិទ្ធិមនុស្ស ជាអំពើប្រល័យពូជសាសន៍ទៅវិញ។ ទ្វាស៊ីនជាំងបន្តបើកចំហជានិច្ច ភ្ញៀវទាំងអស់ដែលពុំមានចិត្តលម្អៀងមកពីជុំវិញពិភពលោក ត្រូវបានស្វាគមន៍ទៅទស្សនា តំបន់ស៊ីនជាំងដើម្បីស្វែងយល់ឲ្យបានច្បាស់អំពីស្ថានភាពពិតនៅទីនោះ៕
អត្ថបទដោយលោកសាស្រ្តាចារ្យបណ្ឌិត នាក់ ចិន្ដារិទ្ធិ នាយកមជ្ឈមណ្ឌលកម្ពុជាសម្រាប់ស្រាវជ្រាវផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១ នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ