Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រមុខការទូតរុស្ស៉ី៖ រុស្ស៉ី នឹងការពាររាល់ទឹកដីអ៊ុយក្រែន ដែលចូលជាឧបសម្ព័ន្ធរបស់ខ្លួន (Video inside)

25-09-2022 10:52

(យូអិន)៖ រដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក សឺហ្គៃ ឡាវរ៉ូវ បាននិយាយថាតំបន់អ៊ុយក្រែនដែលកំពុងរៀបចំការបោះឆ្នោតប្រជាមតិ នឹងទទួលបានការការពារទាំងស្រុងពីរុស្ស៉ី ប្រសិនបើទឹកដីទាំងនោះ ត្រូវបានបញ្ចូលទៅក្នុងឧបសម្ព័ន្ធរបស់ទីក្រុងមូស្គូ ចំពោះមុខការព្រួយបារម្ភថាលោក ពូទីន អាចនឹងបង្កើនការធ្វើសង្រ្គាមក្នុងនោះរួមមានទាំងការ ប្រើអាវុធនុយក្លេអ៊ែរផងដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៥ ខែកញ្ញា ឆ្នាំ២០២២។

លោក ឡាវរ៉ូវ ធ្វើការកត់សម្គាល់បែបនេះ នៅឯសន្និសីទសារព័ត៌មានក្នុងទីក្រុងញូយ៉ក នាឱកាសចូលរួមកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាតិ កាលពីថ្ងៃសៅរ៍ ចុងសប្ដាហ៍នេះ និងចំពេលតំបន់ចំនួន៤ នៅភាគខាងត្បូង និងភាគខាងកើតប្រទេសអ៊ុយក្រែន ដែលកំពុងស្ថិតនៅក្រោមការគ្រប់គ្រងដោយកងទ័ពរុស្ស៉ី បានរៀបចំការ បោះឆ្នោតប្រជាមតិចូលរួមជាមួយរុស្ស៉ី។ ថ្លែងនាឱកាសនោះ ប្រមុខការទូតរុស្ស៉ីរូបនេះបានគូសបញ្ជាក់ដូច្នេះថា «នៅក្រោយការបោះឆ្នោតប្រជាមតិ ជាការពិតណាស់ រុស្ស៉ី នឹងគោរពតាមឆន្ទៈនៃប្រជាជនក្នុងតំបន់ទាំងនោះដែលទទួលរងការឈឺចាប់ពីការបៀតបៀនអស់ជាច្រើនឆ្នាំមកហើយ ពីសំណាក់របប ណេអូ-ណាហ្ស៉ី (ចង់សំដៅលើរដ្ឋាភិបាលរបស់លោក ហ្សេលេនស្គី)»

បន្ថែមពីលើនេះ នៅពេលត្រូវបានសាកសួរថាតើរុស្ស៉ីអាចនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដើម្បីការពារតំបន់ដែលក្រសោបយកបានពីអ៊ុយក្រែនដែរឬទេ? លោក ឡាវរ៉ូវ បានឆ្លើយថាទឹកដីរុស្ស៉ី ក្នុងនោះរួមមានទាំងទឹកដីអ៊ុយក្រែនដែលនឹងត្រូវបញ្ចូលរដ្ឋធម្មនុញ្ញរុស្ស៉ីនៅពេលអនាគត នឹងត្រូវស្ថិតនៅក្រោមការការពារទាំងស្រុងពីរដ្ឋ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក អ៊ុយក្រែន និងបណ្ដាប្រទេសលោកខាងលិច បានថ្កោលទោសយ៉ាងខ្លាំងចំពោះការរៀបចំការបោះឆ្នោតប្រជាមតិរបស់រុស្ស៉ី ដោយពួកគេ ចាត់ទុកថាជាទង្វើដ៏អាម៉ាស់ និងបំពានច្បាប់អន្តរជាតិ៕