(ម៉ានីល)៖ អាជ្ញាធរនៅក្នុងប្រទេសហ្វីលីពីន បានចាប់ផ្ដើមជម្លៀសប្រជាជនដែលរស់នៅតាមតំបន់ឆ្នេរ ទៅកាន់កន្លែងមានសុវត្ថិភាពនៅថ្ងៃអាទិត្យនេះ និងលុបចោល ការធ្វើដំណើរកម្សាន្តនៅតាមតំបន់សមុទ្រ ខណៈកោះលូហ្សុន (Luzon) ក្នុងនោះរួមមានទាំងរដ្ឋធានីម៉ានីល កំពុងប្រឈមមុខនឹងព្យុះទីហ្វុងដ៏កំណាចមួយ។ នេះបើ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៥ ខែកញ្ញា ឆ្នាំ២០២២។
បើតាមអាជ្ញាធរឧតុនិយមហ្វីលីពីន ព្យុះទីហ្វុងណូរូ (Noru) បានក្លាយជាទៅជាព្យុះស៊ុបភើទីហ្វុង ជាមួយកម្លាំងខ្យល់បក់ក្នុងល្បឿនកើនពី១២០ គីឡូម៉ែត្រក្នុងមួយម៉ោង ដល់ ១៨៥គីឡូម៉ែត្រក្នុងមួយម៉ោង។ មិនតែប៉ុណ្ណោះ ព្យុះមួយនេះក៏ត្រូវបានគេរំពឹងដែរថានឹងបន្តបង្កើនឥទ្ធិពល ជាមួយល្បឿនខ្យល់បក់កើនពី១៨៥ គីឡូម៉ែត្រក្នុងមួយ ម៉ោង ដល់២០៥គីឡូម៉ែត្រក្នុងមួយម៉ោង នៅរសៀល ឬល្ងាចថ្ងៃអាទិត្យនេះ ដោយនាំមកជាមួយភ្លៀងធ្លាក់ខ្លាំងផងដែរ។
ព្យុះណូរូ គឺជាព្យុះទី១១ហើយ ដែលបានវាយប្រហារលើហ្វីលីពីន នៅក្នុងឆ្នាំនេះ។ ហ្វីលីពីនដែលមានដែនកោះជាង ៧,៦០០ ក្នុងមួយឆ្នាំៗតែងតែរងគ្រោះដោយសារ ខ្យល់ព្យុះយ៉ាងហោច ២០៕