(យូអិន)៖ ប្រធានាធិបតីដែនដីប៉ាឡេស្ទីន លោក ម៉ាមូដ អាប់បាស់ (Mahmoud Abbas) កាលពីថ្ងៃសុក្រសប្តាហ៍នេះ បាននិយាយថា ការអំពាវនាវរបស់នាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក យ៊ែរ ឡាពីដ (Yair Lapid) សម្រាប់ដំណោះស្រាយរដ្ឋពីរ គឺជាការវិវត្តវិជ្ជមានមួយ ប៉ុន្តែលោកបន្តថា អ្វីដែលសំខាន់ជាក់ស្តែង គឺការវិលត្រឡប់មករកការចរចាគ្នាវិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៤ ខែកញ្ញា ឆ្នាំ២០២២។
ក្នុងការថ្លែងសារនាឱកាសមហាសន្និបាតអង្គការសហប្រជាជាតិ ដែលភាគច្រើនផ្តោតលើការរិះគន់ ចំពោះការត្រួតត្រារបស់អ៉ីស្រាអែលលើ ដែនដីរបស់ប៉ាឡេស្ទីន លោក អាប់បាស់ បានលើកឡើងថា «ការស្ទាបស្ទង់ឱ្យដឹងពិតប្រាកដ អំពីភាពប្រាកដប្រជានិងភាពគួរឱ្យទុកចិត្ត នៃគោលជំហរនេះ គឺរដ្ឋាភិបាលអ៉ីស្រាអែល ត្រូវវិលមករកតុចរចាវិញភ្លាមៗ»។
អ៉ីស្រាអែលបានកាន់កាប់ ភាគខាងកើតទីក្រុងហ្សេរុយសាឡឹម ព្រមទាំងតំបន់វេសប៊ែង (West Bank) ហើយនិងហ្កាហ្សា (Gaza) ជាតំបន់ដែលជនជាតិប៉ាឡេស្ទីនចង់បង្កើតជា រដ្ឋឯករាជ្យមួយនោះ គឺកាលពីកំលុងសង្រ្គាមមជ្ឈិមបូព៌ាឆ្នាំ១៩៦៧។ ចំណែកឯកិច្ចប្រឹងប្រែង ដើម្បីឆ្ពោះទៅសម្រេចបានកិច្ចព្រមព្រៀងរដ្ឋពីរ គឺបានន័យថារដ្ឋអ៉ីស្រាអែលមួយ និងរដ្ឋប៉ាឡេស្ទីនមួយ បានស្ថិតក្នុងភាពជាប់គាំងជាយូរមកហើយ ចាប់តាំងពីកិច្ចចរចាស្វែងរកសន្តិភាពរវាងភាគីទាំងពីរ ដែលគាំទ្រដោយសហរដ្ឋអាមេរិក បានដួលរលំកាលពីឆ្នាំ២០១៤។
ខាងប៉ាឡេស្ទីននិងក្រុមសិទ្ធិមនុស្សនិយាយថា អ៉ីស្រាអែលបានពង្រឹងការត្រួតត្រារបស់ខ្លួនយ៉ាងរឹងមាំលើដែនដីប៉ាឡេស្ទីន ដែលជាហេតុធ្វើឱ្យមតិមួយចំនួនមានមន្ទិលថា តើដំណោះស្រាយរដ្ឋពីរ នឹងនៅបន្តជាលទ្ធផលដែលអាចទៅរួចទៀត ឬក៏យ៉ាងណានោះឡើយ។
គួរបញ្ជាក់ថា ការលើកឡើងរបស់លោក ឡាពីដ ស្តីពីដំណោះស្រាយរដ្ឋពីរ គឺជាលើកដំបូងបំផុតដោយមេដឹកនាំអ៉ីស្រាអែល នៅលើវេទិកា UN ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក ហើយវាក៏បានបន្ទរការគាំទ្ររបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន សម្រាប់ដំណោះស្រាយនេះផងដែរ។ យ៉ាងណាមិញ នៅដើមខែវិច្ឆិកាខាងមុខ អ៉ីស្រាអែលនឹងត្រូវរៀបចំ ការបោះឆ្នោតសកលថ្មីមួយ ដែលអាចនឹងមើលឃើញ អតីតនាយករដ្ឋមន្រ្តី លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ដែលប្រកាន់និន្នាការ ប្រឆាំងការទទួលស្គាល់ប៉ាឡេស្ទីន ជាប្រទេសយូរមកហើយនោះ វិលត្រឡប់មកកាន់អំណាចសាជាថ្មី៕