(សេអ៊ូល)៖ នៅថ្ងៃសុក្រនេះ យោធាកូរ៉េខាងត្បូងបានអះអាងថា សញ្ញាមួយចំនួនត្រូវបានប្រទះឃើញ ដែលអាចជាតំរុយនៃការត្រៀមខ្លួន សម្រាប់ការធ្វើតេស្តមីស៉ីលផ្លោងបាលីស្ទីគ ប្រភេទបាញ់ពីនាវាមុជទឹក ឬហៅកាត់ថា SLBM ដោយកូរ៉េខាងជើង ស្របពេលដែលអនុប្រធានាធិបតីអាមេរិក លោកស្រី ខាម៉ាឡា ហារីស (Kamala Harris) នឹងត្រូវមកបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូង នាសប្តាហ៍ក្រោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Yonhap នៅថ្ងៃសៅរ៍ ទី២៤ ខែកញ្ញា ឆ្នាំ២០២២។
យោធារបស់កូរ៉េខាងត្បូង ក្នុងសប្តាហ៍នេះ បានប្រទះឃើញសញ្ញានៃការត្រៀមរៀបចំលក្ខណៈ ធ្វើតេស្ត SLBM នៅឯទីក្រុងស៉ីនប៉ូ (Sinpo) នៃខេត្តហាមហ្គីយ៉ុងខាងត្បូង (South Hamgyong) របស់ប្រទេសកូរ៉េខាងជើង។ កាលពីប៉ុន្មានថ្ងៃមុន ក្រុមស្រាវជ្រាវមានមូលដ្ឋាន នៅសហរដ្ឋអាមេរិក ដែលតាមឃ្លាំមើលជាប់លើកូរ៉េខាងជើង ក៏បានអះអាងដែរថា ទីក្រុងព្យុងយ៉ាងទំនងជា នឹងបញ្ចេញនាវាមុជទឹកថ្មី១គ្រឿង ដែលមានសមត្ថភាពបាញ់មីស៉ីលផ្លោងបាលីស្ទីគ ក្នុងពេលឆាប់ៗ ដោយផ្អែកទៅលើរូបភាពពីផ្កាយរណប នៃសកម្មភាពនៅរោងចក្រដំឡើងកប៉ាល់ ស៉ីនប៉ូខាងត្បូង (Sinpo South Shipyard) ដែលស្ថិតនៅបណ្តោយឆ្នេរភាគខាងកើត នៃប្រទេសកូរ៉េខាងជើង។
គួរបញ្ជាក់ថា លោកស្រី Harris គ្រោងនឹងមកបំពេញទស្សនកិច្ចនៅតំបន់អាស៉ីខាងកើត នាសប្តាហ៍ក្រោយ ហើយនឹងជួបពិភាក្សាជាមួយ មេដឹកនាំជប៉ុនក៏ដូចជាកូរ៉េខាងត្បូង។ កាលពីថ្ងៃសុក្រសប្តាហ៍នេះ នាវាផ្ទុកយន្តហោះចម្បាំងអាមេរិក១គ្រឿង បានធ្វើដំណើរមកដល់កូរ៉េខាងត្បូងជាថ្មីឡើងវិញ ក្រោយខកខានរយៈពេល៤ឆ្នាំ ដើម្បីចូលរួមជាមួយនាវាកូរ៉េខាងត្បូង ធ្វើសមយុទ្ធយោធា៕