(វ៉ាស៊ីនតោន)៖ ជំនួបទល់មុខរវាងប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន និងនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី ក្នុងកិច្ចប្រជុំកំពូល អង្គការកិច្ចសហប្រតិបត្តិការសៀងហៃ (SCO) នៅប្រទេសអ៊ូសបេគីស្ថាន ក្នុងខែកញ្ញានេះ ត្រូវបានគេសង្កេតថាមានការប្រែប្រួលគួរឱ្យកត់សម្គាល់ នៅក្នុងទំនាក់ទំនងរវាងរុស្ស៉ី និងឥណ្ឌា។ ថ្លែងពាក់ព័ន្ធនឹងសង្រ្គាមអ៊ុយក្រែន លោក ម៉ូឌី បានលើកឡើងថាលោកធ្លាប់បានប្រាប់លោក ពូទីន ជាច្រើនលើក ច្រើនសាពីភាពចាំបាច់នៃការដោះស្រាយបញ្ហាតាមផ្លូវការទូត និងការបោះជំហានឆ្ពោះទៅសន្តិភាពដើម្បីពន្លត់ភ្លើងសង្រ្គាមសព្វថ្ងៃ ដែលមិនត្រឹមតែបង្ក វិនាសកម្មនៅអ៊ុយក្រែនប៉ុណ្ណោះទេ តែវាក៏បានបង្កឱ្យមានវិបត្តិស្បៀងអាហារ និងការឡើងថ្លៃប្រេងផងដែរ។
ប្រធានាធិបតីចិន លោក ស៊ី ជិនពីងដែលបានចូលរួមក្នុងកិច្ចប្រជុំកំពូល SCO ដែរនោះ មិនបានបង្ហាញការគំាទ្រ ហើយក៏មិនបានរិះគន់សង្រ្គាមរបស់លោក ពូទីននោះដែរ។ ក៏ប៉ុន្តែ លោក ម៉ូឌី បានថ្កោលទោសការសម្លាប់រង្គាលជនស៊ីវិលនៅក្នុងសង្រ្គាមរបស់រុស្ស៉ី បើទោះជាទីក្រុងញូដេលីមិនបាននិយាយចំឈ្មោះ រុស្ស៉ី និងចូលរួមជាមួយលោកខាងលិចដាក់ទណ្ឌកម្មលើរុស្ស៉ីក៏ដោយ។ ជាការពិតណាស់ ឥណ្ឌា និងរុស្ស៉ីបានរីករាយនឹងទំនាក់ទំនងល្អូកល្អើននឹងគ្នា តាំងតែ ពីសម័យសង្រ្គាមត្រជាក់មកម្ល៉េះ។ តែចូរកុំភ្លេចថានៅពេលនោះសូវៀត គឺជាមហាយក្ស រីឯឥណ្ឌាត្រឹមតែជាកូនយក្សមួយប៉ុណ្ណោះ។ ចំណែឯក្នុងពេលបច្ចុប្បន្ន ឥណ្ឌាកំពុងលេចត្រដែតឡើងក្នុងនាមជាមហាយក្សមួយដ៏ធំ រីឯរុស្ស៉ីដែលជាជំនាន់ក្រោយរបស់សូវៀត បែរជាកំពុងថមថយឥទ្ធិពលទៅវិញ។ បានន័យថា ប្រយោជន៍នៃទំនាក់ទំនងរវាងរុស្ស៉ី និងឥណ្ឌា ក៏មិនមែននៅដដែលដូចពីមុនទៀតនោះដែរ។
នៅបន្ទាប់ពីរុស្ស៉ីចូលឈ្លានពានអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ទំនាក់ទំនងរវាងរុស្ស៉ី និងឥណ្ឌាត្រូវបានគេមើលឃើញថាមានការផ្លាស់ប្ដូរក្រោម ហេតុផលសំខាន់ចំនួន៤ ទី១៖ រុស្ស៉ីកាន់តែបន្តងាកទៅរកចិនដែលជាគូសត្រូវរបស់ឥណ្ឌា ទី២៖ ផលប្រយោជន៍សម្រាប់រុស្ស៉ី នៅក្នុងទំនាក់ទំនងជាមួយចិន គឺធំជាងជាមួយឥណ្ឌា ទី៣៖ រុស្ស៉ីលែងសូវមានសារៈសំខាន់ខ្លាំងដូចមុននៅក្នុងរបៀបរវាៈនៃគោលនយោបាយការបរទេសរបស់ឥណ្ឌា និងទី៤៖ ការកើនឡើង ទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងឥណ្ឌា និងសហរដ្ឋអាមេរិក។ បន្ថែមពីលើនេះ ក្នុងពេលព្យាយាមរក្សាទំនាក់ទំនងល្អជាមួយឥណ្ឌាផង និងចិនផង រុស្ស៉ីខ្លួនឯង ក៏កំពុងនឹងជួបបញ្ហាដ៏ស្មុគស្មាញផងដែរ ដោយសំណួរសំខាន់នៅត្រង់ថា «តើចិននឹងមានប្រតិកម្មបែបណាចំពោះរុស្ស៉ី ជុំវិញការលក់អាវុធឱ្យឥណ្ឌា ហើយថាតើ រុស្ស៉ីនឹងត្រូវធ្វើបែបណាប្រសិនបើរងសម្ពាធពីចិនឱ្យបញ្ឈប់ការលក់អាវុធឱ្យឥណ្ឌា?»។
ក្រុមអ្នកជំនាញមួយចំនួនដូចជាលោក ហេបភីមូន ហ្សាខុប (Happymon Jacob) ជាស្ថាបនិកក្រុមប្រឹក្សាសម្រាប់ស្រាវជ្រាវយុទ្ធសាស្ត្រ និងការពារជាតិ មានមូលដ្ឋានក្នុងទីក្រុងញូវដេលី យល់ថានៅប៉ុន្មានឆ្នាំទៅមុខ ទាំងរុស្ស៉ី និងឥណ្ឌានឹងនៅតែបន្តរក្សាទំនាក់ទំនងល្អ ដើម្បីទាញប្រយោជន៍ពីគ្នាទៅវិញទៅមក។ តែទោះជាយ៉ាងណាក៏ដោយ ការកើនឡើងនៃសម្ពាធ និងការប្រែប្រួលភូមិសាស្ត្រនយោបាយ គួបផ្សំនឹងការកើនឡើងឥទ្ធិពលចិន វាចៀសមិនរួចឡើយនឹងបង្ខំឱ្យ រុស្ស៉ី និងឥណ្ឌាធ្វើការសម្រេចចិត្តដ៏លំបាក នោះគឺម្ខាងត្រូវជ្រើសរើសសហរដ្ឋអាមេរិក រីឯម្ខាងទៀតត្រូវជ្រើសរើសយកចិននៅថ្ងៃណាមួយ។
ជាការពិតណាស់ នៅពេលដែលនិយាយពីទំនាក់ទំនងរវាងឥណ្ឌា និងរុស្ស៉ី គេប្រហែលជានឹកឃើញភ្លាមពីប្រេង និងជាពិសេសនោះគឺអាវុធតែម្ដង។ ឥណ្ឌាជា ប្រទេសមួយដែលពឹងផ្អែកយ៉ាងខ្លាំងលើនាំចូលអាវុធពីរុស្ស៉ី ដែលមិនមានភាពស្មុគស្មាញច្រើនដូចជាការទិញអាវុធពីសហរដ្ឋអាមេរិក ឬបណ្ដាប្រទេសអឺរ៉ុប នោះទេ។ កាន់តែពិសេសទៅទៀតនោះ រុស្ស៉ីបានយល់ព្រមចែករំលែកបច្ចេកវិទ្យា និងអាជ្ញាប័ណ្ណផលិតអាវុធនៅឥណ្ឌា ដែលនេះបានផ្ដល់ជម្រើសដ៏ទាក់ទាញ មួយសម្រាប់ទីក្រុងញូវដេលី។ តែបណ្ដាប្រទេសដទៃដូចជាបារាំង សហរដ្ឋអាមេរិក និងអ៉ីស្រាអែលក៏បានឈានជើងចូលក្នុងទីផ្សារអាវុធឥណ្ឌាផងដែរ ហើយ ខណៈឥណ្ឌាខ្លួនឯងកំពុងអភិវឌ្ឍអាវុធដោយខ្លួនឯង និងស្វែងរកអ្នកផ្គត់ផ្គង់អាវុធចម្រុះ រុស្ស៉ីអាចនឹងកាន់តែប្រឈមមុខនឹងការប្រកួតប្រជែងកាន់តែខ្លាំង។ ជាក់ស្ដែង ចាប់តាំងពីបានឡើងដល់កម្រិតខ្ពស់បំផុតនៅឆ្នាំ២០១៣ ការនាំចេញអាវុធរបស់រុស្ស៉ីទៅកាន់ប្រទេសឥណ្ឌាបានធ្លាក់ចុះអស់ជាង ៥០ភាគរយ ក្នុងបរិបទដែលឥណ្ឌាបង្កើនការទិញអាវុធពីបារាំង។
សម្រាប់រុស្ស៉ី នៅក្រោមហេតុផលមួយចំនួន តួយ៉ាងទីតាំងភូមិសាស្ត្រនៅជាប់របងផ្ទះគ្នា ទំនាក់ទំនងសេដ្ឋកិច្ចជាមួយចិន និងទំនាក់ទំនងល្អផ្ទាល់ខ្លួនរវាងលោក ពូទីន និងលោក ស៊ី ជិនពីង មូស្គូអាចនឹងជ្រើសរើសយកចិន ជាជាងយកឥណ្ឌា ប្រសិនបើត្រូវបង្ខំឱ្យជ្រើសរើសមែននោះ។ ចំណែកឯ ឥណ្ឌាវិញក៏មិនខុសគ្នាដែរ ប្រសិនបើត្រូវបង្ខំឱ្យត្រូវជ្រើសរើស ច្បាស់ណាស់ឥណ្ឌានឹងជ្រើសរើសឈរនៅខាងសហរដ្ឋអាមេរិក និងលោកខាងលិច ហើយហេតុផលដែលងាយយល់ជាងគេ នោះគឺឥណ្ឌា និងរុស្ស៉ីមិនមានសត្រូវរួមនោះទេ តែឥណ្ឌា និងសហរដ្ឋអាមេរិកមានសត្រូវរួម នោះគឺ «ចិន»។ ផ្ទុយទៅវិញ គឺចិន និងរុស្ស៉ីទេដែលមានសត្រូវរួម នោះគឺ «សហរដ្ឋអាមេរិក» ឬអាចនិយាយមួយបែបទៀតបានថាទំនាក់ទំនងភូមិសាស្ត្រនយោបាយរវាងឥណ្ឌា និងរុស្ស៉ីកំពុងដើរលើផ្លូវផ្ទុយគ្នា។
គួរបញ្ជាក់ថា ការប្រែប្រួលនៃគោលជំហររបស់ឥណ្ឌា ចំពោះទំនាក់ទំនងជាមួយរុស្ស៉ី ក៏បានបង្ហាញដែរនៅក្នុងការធ្វើសមយុទ្ធយោធារបស់រុស្ស៉ី Vostok កាលពី ខែសីហា និងខែកញ្ញាកន្លងទៅ ដោយមានការចូលរួមពីចិនដែរ។ សមយុទ្ធយោធានេះត្រូវបានគេរាយការណ៍ថាមានការចូលរួមពីកងទ័ពជាង ៥០,០០០នាក់ យន្ដហោះចម្បាំង ១៤០គ្រឿង និងនាវាចម្បាំង ៦០គ្រឿង។ ក៏ប៉ុន្តែ ឥណ្ឌាបានបញ្ជូនកងទ័ពត្រឹមតែ ៧៥នាក់ប៉ុណ្ណោះឱ្យចូលរួមក្នុងសមយុទ្ធយោធានេះ និងមិនបានបញ្ជូននាវាចម្បាំងឱ្យចូលរួមក្នុងសមយុទ្ធយោធាជើងទឹកជាមួយរុស្ស៉ីទេ។ ការសម្រេចចិត្តបែបនេះត្រូវបានក្រុមអ្នកជំនាញយល់ថាដោយសារតែ ឥណ្ឌាខ្លាចធ្វើឱ្យខូចទំនាក់ទំនងជាមួយជប៉ុន៕