(ប៉េកាំង)៖ អតីតអនុរដ្ឋមន្រ្តីសន្តិសុខសាធារណចិនលោក ស៊ុន លីជុន (Sun Lijun) នាថ្ងៃសុក្រនេះ ត្រូវបានតុលាការផ្តន្ទាទោសឱ្យ ជាប់ពន្ធនាគារអស់មួយជីវិតពីបទប្រព្រឹត្តអំពើពុករលួយ ខណៈមន្រ្តីចិនជាបន្តបន្ទាប់ ទើបតែត្រូវបានកាត់ទោសដាក់ពន្ធនាគារ ក្រោមបទល្មើសស្រដៀងគ្នា។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNN នៅថ្ងៃសុក្រ ទី២៣ ខែកញ្ញា ឆ្នាំ២០២២។
លោក ស៊ុន វ័យ៥៣ឆ្នាំ ត្រូវបានតុលាការមួយនៅភាគឦសានប្រទេសចិន សម្រេចកាត់ទោសប្រហារជីវិត ដែលនៅរយៈពេល២ឆ្នាំ ក្រោយមកគឺត្រូវបន្ថយមកត្រឹមជា ទោសជាប់ពន្ធនាគារអស់មួយជីវិតវិញ។ លោក ស៊ុន លីជុន ត្រូវបានរកឃើញថាមានទោស ពីបទផ្តល់-ទទួលសំណូកស្មើនឹងទឹកប្រាក់ ៦៤៦លានយ័ន (៩១លានដុល្លារអាមេរិក), ពីបទក្រឡុកទីផ្សារភាគហ៊ុន ហើយនិងពីបទកាន់កាប់អាវុធខុសច្បាប់។
គួរបញ្ជាក់ថា ក្នុងសប្តាហ៍នេះ មន្រ្តីចិនប៉ុន្មានរូបទៀត ក៏ទើបតែត្រូវបានកាត់ទោសពី បទប្រព្រឹត្តអំពើពុករលួយផងដែរ។ ក្នុងនោះ រួមមានលោក ហ្វូ ចេងហ័រ (Fu Zhenghua) ដែលជាអតីតរដ្ឋមន្រ្តីយុត្តិធម៌ និងជាអតីតអនុរដ្ឋមន្រ្តីសន្តិសុខសាធារណៈម្នាក់ផងដែរ ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារមួយជីវិត ពីបទទទួលសំណូករាប់លានដុល្លារអាមេរិក។
មិនប៉ុណ្ណោះ អតីតអគ្គស្នងការប៉ូលិសចិនចំនួន៣រូប ប្រចាំទីក្រុងសៀងហៃ, ទីក្រុងចុងឈីង (Chongqing), និងខេត្តសានស៉ី (Shanxi) ក៏ត្រូវបានតុលាការផ្តន្ទាទោស ដាក់ពន្ធនាគាររយៈពេលខុសៗគ្នាផងដែរ ដោយក្នុងនោះមានម្នាក់ ត្រូវជាប់អស់មួយជីវិត ហើយសុទ្ធតែពាក់ព័ន្ធករណីពុករលួយ៕