(រ៉ូម)៖ អតីតនាយករដ្ឋមន្រ្តីអ៉ីតាលី លោក ស៉ីលវីយ៉ូ ប៊ឺលូសខូនី (Silvio Berlusconi) បាននិយាយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន ត្រូវបាន «ជំរុញ» ឲ្យចូលក្នុងសង្រ្គាមនៅអ៊ុយក្រែន ដើម្បីបង្កើតរដ្ឋាភិបាលទីក្រុងកៀវថ្មី។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៣ ខែកញ្ញា ឆ្នាំ២០២២។
លោក ប៊ឺលូសខូនី ដែលគេស្គាល់ថាគឺជាមិត្តជិតស្និទ្ធរបស់លោក ពូទីន បានគូសបញ្ជាក់យ៉ាងដូច្នេះថា «លោក ពូទីន ត្រូវបានជំរុញដោយប្រជាជនរុស្ស៊ី ដោយគណបក្សនិងរដ្ឋមន្ត្រីរបស់លោក ដើម្បីបង្កើតប្រតិបត្តិការយោធាពិសេសនេះ។ ផែនការរបស់រុស្ស៊ីដើមឡើយ គឺដើម្បីដណ្តើមយកទីក្រុងកៀវ ក្នុងរយៈពលមួយសប្តាហ៍ហើយធ្វើការផ្លាស់ប្តូរ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ដោយដាក់ជំនួសមកវិញនូវរដ្ឋាភិបាលប្រជាជន ហើយចាកចេញទៅវិញ ក្នុងរយៈពេល១សប្តាហ៍បន្ទាប់។ ប៉ុន្តែខ្ញុំមិនយល់ថា ហេតុអ្វីបានជា ទាហានរុស្ស៊ីត្រូវដាក់ពង្រាយនៅជុំវិញអ៊ុយក្រែន ខណៈក្នុងចិត្តខ្ញុំ គិតថាវាគួរតែដាក់ពង្រាយនៅជុំវិញក្រុងកៀវ»។
គួរបញ្ជាក់ថា ការអត្ថាធិប្បាយរបស់អតីតនាយករដ្ឋមន្រ្តីអ៉ីតាលីខាងលើនេះ ទំនងជានឹងធ្វើឲ្យក្រុមសម្ព័ន្ធមិត្តលោកខាងលិច កើតមានក្តីបារម្ភនៅមុនពេលការបោះឆ្នោតរបស់អ៉ីតាលីមកដល់។ ម្យ៉ាងវិញទៀត វាមិនមែនជារឿងថ្មីនោះទេដែលលោក ប៊ឺលូសខូនី មកពីក្រុមចម្រុះនៃគណបក្សស្តាំនិយម ដែលរំពឹងថានឹងឈ្នះការបោះឆ្នោតសកល នាថ្ងៃអាទិត្យចុងសប្តាហ៍នេះ និយាយការពារលោក ពូទីន ជុំវិញសង្រ្គាមនៅអ៊ុយក្រែន យ៉ាងដូច្នេះ៕