(តេហេរ៉ង់)៖ អគ្គមេបញ្ជាការយោធាអ៉ីរ៉ង់ លោក ម៉ូហាំម៉ាត់ ហូសេន បាហ្គើរី (Mohammad Hossein Bagheri) កាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសថា កងទ័ពជើងទឹកអ៉ីរ៉ង់នឹងចូលរួម ក្នុងការធ្វើសមយុទ្ធយោធារួមគ្នាជាមួយ ក្រុមនាវាចម្បាំងរុស្ស៉ីនិងក្រុមនាវាចម្បាំងចិន កំលុងរដូវស្លឹកឈើជ្រុះនេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន RT នៅថ្ងៃសុក្រ ទី២៣ ខែកញ្ញា ឆ្នាំ២០២២។

លោកអគ្គមេបញ្ជាការយោធាអ៉ីរ៉ង់ បាននិយាយយ៉ាងដូច្នេះថា «សមយុទ្ធយោធាដែលរួមមាន វត្តមានកងទ័ពជើងទឹកអ៉ីរ៉ង់, រុស្ស៉ី, និងចិន នឹងត្រូវប្រារព្ធធ្វើឡើងនៅឯតំបន់ភាគខាងជើង នៃមហាសមុទ្រឥណ្ឌា កំលុងរដូវស្លឹកឈើជ្រុះឆ្នាំនេះ»។ លោក បាហ្គើរី ដែលជានាយសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៉ីរ៉ង់ មិនបានផ្តល់ព័ត៌មានលម្អិតអ្វីទៀតឡើយ ពាក់ព័ន្ធគម្រោងសមយុទ្ធនេះ ប៉ុន្តែលោកបានបង្ហើបឱ្យដឹងថា ប្រទេសដទៃទៀតដូចជាអូម៉ង់និងប៉ាគីស្ថាន ក៏ប្រហែលជានឹងមកចូលរួមផងដែរ។

គួរបញ្ជាក់ថា វានឹងក្លាយជាការធ្វើសមយុទ្ធយោធារួមគ្នាលើកទី៤ហើយ រវាងកងទ័ពជើងទឹកនៃប្រទេសទាំង៣ គិតចាប់តាំងពីឆ្នាំ២០១៩មក និងជាលើកដំបូងគិតចាប់តាំងពី វិបត្តិសង្រ្គាមនៅអ៊ុយក្រែន។ កាលពីខែមករា ឆ្នាំនេះ នាវាចម្បាំងនិងកាណូតអ៉ីរ៉ង់សរុប ១១គ្រឿង ព្រមទាំងនាវាចម្បាំងរុស្ស៉ី៣គ្រឿង និងនាវាចម្បាំងចិន២គ្រឿង ក៏បានរួមគ្នាធ្វើសមយុទ្ធនៅផ្នែកភាគខាងជើង នៃមហាសមុទ្រឥណ្ឌាផងដែរ។ រីឯកាលពីដើមខែកញ្ញានេះវិញ រុស្ស៉ីនិងចិនទើបតែបានធ្វើការល្បាតរួមគ្នា នៅតំបន់ភាគខាងជើង មហាសមុទ្រប៉ាស៉ីហ្វិក៕