(មូស្គូ)៖ បុរសជនជាតិរុស្ស៊ីកំពុងសម្រុកចាកចេញពីប្រទេស ដោយបង្កឲ្យមានការកកស្ទះនៅច្រកព្រំដែន ខណៈពួកគេព្យាយាមចៀសវាងមិនចូលរួមតាមការប្រកាសកេណ្ឌទ័ព ដើម្បីទៅធ្វើសង្រ្គាមនៅអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃសុក្រ ទី២៣ ខែកញ្ញា ឆ្នាំ២០២២។
បុរសម្នាក់ដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់អ្នកយកព័ត៌មានរបស់ BBC ឲ្យដឹងថា លោកបានយកលិខិតឆ្លងដែនដោយប្រញាប់ប្រញាល ឆ្ពោះទៅកាន់ទៅព្រំដែនដោយមិនយកអ្វីផ្សេងទៀតមកជាមួយឡើយ ភ្លាមៗបន្ទាប់ពី ការប្រកាសរបស់ប្រធានាធិបតីពូទីន ព្រោះលោកធ្លាប់ស្ថិតក្នុងក្រុមដែលអាចត្រូវបានគេបញ្ជូនឲ្យទៅធ្វើសង្រ្គាម។
យ៉ាងនេះក្តី វិមានក្រឹមឡាំង អះអាងថា របាយការណ៍អំពីការរត់ភៀសខ្លួនរបស់បុរសពេញវ័យប្រយុទ្ធ គឺជាការបំផ្លើស។ ប៉ុន្តែបើតាមភាពជាក់ស្តែងនៅតាមព្រំដែនរុស្ស៉ី ជាមួយប្រទេសហ្ស៊កហ្ស៊ី គេឃើញមានជួររថយន្តប្រវែងរាប់គីឡូម៉ែត្រ រួមទាំងបុរសៗដែលកំពុងព្យាយាមគេចចេញពីការធ្វើសង្រ្គាមផងដែរ។
គួរបញ្ជាក់ថា កាលពីថ្ងៃពុធសប្តាហ៍នេះ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសពីការចល័តយោធាទៅកាន់ទឹកដីអ៊ុយក្រែន ដោយជ្រើសរើសមនុស្សចំនួន ៣០០,០០០នាក់ ដែលត្រូវអនុវត្តលើពលរដ្ឋរុស្ស៉ី ដែលជាទាហានបម្រុង ឬក៏ធ្លាប់បម្រើយោធា៕