(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអំពាវនាវឱ្យប្រជាជនរុស្ស៉ីទាំងអស់ងើបឡើងធ្វើបាតុកម្មតវ៉ាប្រឆាំងនឹងការប្រកាសកែនកងទ័ព ដោយប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៣ ខែកញ្ញា ឆ្នាំ២០២២។
ការកត់សម្គាល់ខាងលើរបស់លោក ហ្សេលេនស្គី ធ្វើឡើងនៅក្នុងសុន្ទរកថាជាប្រចាំថ្ងៃ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ ថ្លែងនាឱកាសនោះ ប្រធានាធិបតីអ៊ុយក្រែន រូបនេះ បានគូសបញ្ជាក់ដូច្នេះថា «កងទ័ពរុស្ស៉ីជាង ៥៥,០០០នាក់ បានស្លាប់នៅក្នុងសង្រ្គាម អូសបន្លាយពេលជាង៦ខែមកនេះ....តើអ្នកទាំងអស់គ្នា (ប្រជាជនរុស្ស៉ី) ចង់ឱ្យកងទ័ពរុស្ស៉ីស្លាប់ច្រើនជាងនេះតទៅទៀត ឬក៏យ៉ាងណា? បើមិនចង់ទេ ងើបឡើងធ្វើបាតុកម្មតវ៉ាទៅ»។ លោក ហ្សេលេនស្គី ក៏បានបន្ថែមដែរថាឱ្យកងទ័ពរុស្ស៉ី មានជម្រើសបន្តវាយប្រយុទ្ធ រត់ចោលជួរ ឬចុះចាញ់កងទ័ពអ៊ុយក្រែន។
គួរបញ្ជាក់ថា កងកម្លាំងសន្តិសុខរុស្ស៉ីកាលពីថ្ងៃពុធសប្ដាហ៍នេះត្រូវបានគេរាយការណ៍ថាបានចាប់ឃុំខ្លួនមនុស្សជាង ១,៣០០នាក់ កំលុងការធ្វើបាតុកម្មតវ៉ាប្រឆាំងនឹង ការកែនកងទ័ព តែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីលោក វ្ល៉ាឌីមៀ ពូទីន បញ្ជាឱ្យកែនកងទ័ពជាលើកដំបូងចាប់តាំងពីសង្រ្គាមលោកលើកទី២ មក។ លោក ពូទីន បានប្រកាសកែនកងទ័ពរុស្ស៉ីជាង ៣០០,០០០នាក់ ដើម្បីត្រៀមខ្លួនប្រយុទ្ធនៅអ៊ុយក្រែន ហើយព្រមពេលជាមួយគ្នា បុរសខ្លាំងរូបនេះក៏បានគំរាមជាថ្មីពីការប្រើអាវុធនុយក្លេអ៊ែរផងដែរ៕