(ឡុងដ៍)៖ អតីតប្រធានាធិបតីរុស្ស៉ី លោក ឌីមីទ្រី ម៉េដវេដេវ (Dmitry Medvedev) បាននិយាយនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថាអាវុធគ្រប់ប្រភេទដែលមាន នៅក្នុងឃ្លាំងអាវុធរបស់រុស្ស៉ី ក្នុងនោះរួមមានទាំងអាវុធយុទ្ធសាស្ត្រនុយក្លេអ៊ែរ អាចនឹងត្រូវបានប្រើប្រាស់ដើម្បីការពារទឹកដីថ្មីៗដែលបានបញ្ចូលទៅក្នុងឧបសម្ព័ន្ធ របស់រុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៣ ខែកញ្ញា ឆ្នាំ២០២២។
លោក ម៉េដវេដេវ ធ្វើការកត់សម្គាល់បែបនេះដោយចង់សំដៅទៅលើតំបន់នៅលើទឹកដីអ៊ុយក្រែន ដែលកំពុងស្ថិតនៅក្រោមការគ្រប់គ្រងដោយរុស្ស៉ី ដូចជា តំបន់ដូណេត លូហាន ខឺសុន និងហ្សាប៉ូរីសហ្ស៉ីយ៉ា ព្រមទាំងផ្នែកខ្លះនៃតំបន់មីកូឡេវ (Mykolaiv) ហើយដែលតំបន់ទាំងនេះនឹងរៀបចំការបោះឆ្នោតប្រជាមតិ ចូលរួមជាមួយរុស្ស៉ី នៅថ្ងៃសុក្រសប្ដាហ៍នេះ។
នៅក្នុងសារមួយបង្ហោះលើតេឡេក្រាម អតីតប្រធានាធិបតីរុស្ស៉ីរូបនេះបានគូសបញ្ជាក់ដូច្នេះថា «តំបន់ដុនបាស់ (ដែលមានសាធារណរដ្ឋដូណេត និងលូហាន) ព្រមទាំងទឹកដីមួយចំនួននឹងត្រូវបានទទួលស្គាល់ជាទឹកដីរុស្ស៉ី... រុស្ស៉ីមិនមែនត្រឹមតែប្រកាសកែនកងទ័ពប៉ុណ្ណោះទេ តែអាវុធគ្រប់ប្រភេទក្នុងនោះរួមមានទាំង អាវុធយុទ្ធសាស្ត្រនុយក្លេអ៊ែរ ក៏អាចនឹងត្រូវបានប្រើប្រាស់ដើម្បីការពារទឹកដីទាំងនេះដែរ»។
គួរបញ្ជាក់ថា ប្រសិនបើរុស្ស៉ីទទួលបានជោគជ័យក្នុងការដាក់បញ្ចូលទឹកដីអ៊ុយក្រែនខាងលើ ទៅក្នុងឧបសម្ព័ន្ធរបស់ខ្លួនពិតមែន នោះតំបន់ទាំងនេះនឹងត្រូវដាក់ឱ្យ សិ្ថតនៅក្រោមឆត្រនុយក្លេអ៊ែររបស់រុស្ស៉ី រីឯសកម្មភាពយោធា ឬការវាយប្រហារណាមួយរបស់អ៊ុយក្រែននៅលើទឹកដីរបស់ខ្លួនទាំងនេះអាចនឹងត្រូវបាន ចាត់ទុកថាជាការវាយប្រហារដោយផ្ទាល់លើរុស្ស៉ីតែម្ដង។
មកទល់នឹងពេលនេះ រុស្ស៉ីមិនទាន់អាចគ្រប់គ្រងតំបន់ទាំង ៤ធំៗខាងលើបានទាំងស្រុងនៅឡើយទេ ពោលគឺកងទ័ពរុស្ស៉ីកំពុងគ្រប់គ្រងទឹកដី ៦០ភាគរយនៃ តំបន់ដូណេត និង ៦៦ភាគរយនៃតំបន់ហ្សាប៉ូរីសហ្ស៉ីយ៉ា៕