(កៀវ)៖ ក្រុមមន្ត្រីនៅក្នុងតំបន់ចំនួន៤ ដែលកំពុងស្ថិតក្រោមការគ្រប់គ្រងដោយកងទ័ពរុស្ស៉ី នៅភាគខាងកើត និងភាគខាងត្បូងប្រទេសអ៊ុយក្រែន កាលពីថ្ងៃអង្គារ ទី២០ ខែកញ្ញានេះ បានប្រកាសថាពួកគេនឹងរៀបចំការបោះឆ្នោតប្រជាមតិ ដើម្បីក្លាយជាផ្នែកមួយរបស់រុស្ស៉ី ចំពោះមុខការថ្កោលទោសយ៉ាងខ្លាំងពីសំណាក់អ៊ុយក្រែន និងបណ្ដាប្រទេសលោកខាងលិច។
បើតាមក្រុមមន្ត្រីលើកបន្តុបដោយរុស្ស៉ី ការបោះឆ្នោតប្រជាមតិនឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី២៣ រហូតដល់ថ្ងៃទី២៧ ខែកញ្ញានេះ នៅក្នុងតំបន់ផ្ដាច់ខ្លួនដែលបានហៅ ខ្លួនឯងថាជាសាធារណរដ្ឋដូណេត និងលូហាន នៃតំបន់ដុនបាស់ ភាគខាងកើតប្រទេសអ៊ុយក្រែន។ តំបន់ផ្ដាច់ខ្លួនទាំង ២នេះត្រូវបានលោក ពូទីន ប្រកាសទទួលស្គាល់ ជារដ្ឋឯករាជ្យកាលពីខែកុម្ភៈ ពោលគឺប៉ុន្មានថ្ងៃ មុននឹងកងទ័ពរុស្ស៉ីឈ្លានពានអ៊ុយក្រែន។ ការបោះឆ្នោតប្រជាមតិចូលរួមជាមួយរុស្ស៉ី ក៏នឹងត្រូវធ្វើឡើងផងដែរនៅក្នុង តំបន់ខឺសុន និងនៅផ្នែកគ្រប់គ្រងដោយកងទ័ពរុស្ស៉ី ក្នុងតំបន់ហ្សាប៉ូរីសហ្ស៉ីយ៉ា (Zaporizhia)។
ក៏ប៉ុន្តែ ហេតុអ្វីបានជារុស្ស៉ីប្រញាប់រៀបចំ «ការបោះឆ្នោតប្រជាមតិលេបយកទឹកដីអ៊ុយក្រែន»? ទាំងដែលរុស្ស៉ីមិនទាន់អាចគ្រប់គ្រងតំបន់ទាំង៤ខាងលើបានទាំងស្រុង នៅឡើយផង ដោយក្នុងនោះកងទ័ពរុស្ស៉ីកំពុងគ្រប់គ្រងទឹកដី ៦០ភាគរយនៃតំបន់ដូណេត។
*តើអ៊ុយក្រែន អាចនឹងបាត់បង់ទឹកដីទំហំប៉ុនណា?
មកទល់នឹងពេលនេះ រុស្ស៉ីត្រូវបានគេរាយការណ៍ថាកំពុងគ្រប់គ្រងទឹកដីអ៊ុយក្រែនទំហំជាង ៩០,០០០គីឡូម៉ែត្រក្រឡា ឬស្មើនឹងជាង ១៥ភាគរយនៃផ្ទៃដីសរុបរបស់ អ៊ុយក្រែន ឬក៏មានទំហំប្រហាក់ប្រហែលនឹងប្រទេសហុងគ្រី ឬព័រទុយហ្កាល់។ រុស្ស៉ី បានក្រសោបយកតំបន់គ្រីមៀ ពីអ៊ុយក្រែនដោយជោគជ័យកាលពីឆ្នាំ២០១៤ តាមរយៈការរៀបចំការបោះឆ្នោតប្រជាមតិ ដែលលោកខាងលិចចាត់ទុកថាជាទង្វើខុសច្បាប់។ ដូច្នេះប្រសិនបើរុស្ស៉ីអាចបញ្ចូលតំបន់ទាំង៤ខាងលើចូលក្នុងឧបសម្ព័ន្ធ របស់ខ្លួន គួបផ្សំជាមួយតំបន់គ្រីមៀ នោះមានន័យថារុស្ស៉ីអាចនឹងក្ដោបយកទឹកដីអ៊ុយក្រែនមានទំហំស្មើនឹងរដ្ឋ Pennsylvania របស់សហរដ្ឋអាមេរិក។
* ចេតនាបង្កើនការធ្វើសង្រ្គាម?
ការអំពាវនាវឱ្យមានការរៀបចំការបោះឆ្នោតប្រជាមតិ ដោយក្រុមមន្ត្រីនៅក្នុងតំបន់ចំនួន៤ ដែលកំពុងស្ថិតនៅក្រោមការគ្រប់គ្រងដោយកងទ័ពរុស្ស៉ី នៅភាគខាងកើត និងភាគខាងត្បូងប្រទេសអ៊ុយក្រែន កើតមានឡើងក្រោយកងទ័ពរុស្ស៉ីបានទទួលរងបរាជ័យធ្ងន់ធ្ងរនៅឯតំបន់ខាកៀវ ដែលនេះបានធ្វើឱ្យលោក ពូទីន រងការរិះគន់ ពីក្រុមអ្នកជាតិនិយមនៅក្នុងស្រុក នាប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ។
ម្លោះហើយដើម្បីសា្ដរស្ថានការណ៍ឡើងវិញ លោក ពូទីន មានតែដើរតាមជំហានដែលលោកធ្លាប់បានធ្វើកាលពីឆ្នាំ២០១៤ នោះគឺការក្រសោបយកតំបន់គ្រីមៀ។ ធ្វើ បែបនេះម្យ៉ាង លោកអាចបន្សាបកំហឹង និងការរិះគន់ពីសំណាក់អ្នកជាតិនិយមរុស្ស៉ីដែលគាំទ្រឱ្យមូស្គូ រៀបចំការបោះឆ្នោតប្រជាមតិមួយដោយយកគំរូតាមតំបន់គ្រីមៀ នៅក្នុងតំបន់ដែលរុស្ស៉ីកំពុងគ្រប់គ្រងនៅអ៊ុយក្រែន។ ចំណែ កឯ ម្យ៉ាងទៀត នោះគឺលោក ពូទីន សង្ឃឹមថាការបញ្ចូលទឹកដីអ៊ុយក្រែនដែលរុស្ស៉ីកំពុងកាន់កាប់ទៅក្នុង ឧបសម្ព័ន្ធ ឬជាផ្នែកមួយនៃទឹកដីរុស្ស៉ី វាអាចនឹងប្ដូរទិសដៅសង្រ្គាមសព្វថ្ងៃឱ្យផ្អៀងទៅខាងរុស្ស៉ីវិញ។ មិនតែប៉ុណ្ណោះ វាក៏អាចក្លាយជាហេតុផលឱ្យលោក ពូទីន បង្កើន ការធ្វើសង្រ្គាមនៅអ៊ុយក្រែនផងដែរ ក្នុងចេតនាបំភ័យរដ្ឋាភិបាលប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី ឱ្យចុះចាញ់ ក៏ដូចជាបង្កើនភាពភ័យខ្លាចក្នុងចំណោម បណ្ដាប្រទេសលោកខាងលិច ពីហានិភ័យនៃជម្លោះដោយផ្ទាល់ជាមួយរុស្ស៉ី ដើម្បីបំបាក់ស្មារតីពួកគេកុំឱ្យបន្តបញ្ជូនអាវុធឱ្យទីក្រុងកៀវ។
នៅក្នុងទីក្រុងមូស្គូ ក្រុមមន្ត្រីរុស្ស៉ីបានបង្ហាញការគាំទ្រដល់សំណើរៀបចំការបោះឆ្នោតប្រជាមតិរបស់តំបន់ទាំង៤។ តួយ៉ាង អតីតប្រធានាធិបតីរុស្ស៉ី លោក ឌីមីទ្រី ម៉េដវ៉េដេវ (Dmitry Medvedev) ដែលបច្ចុប្បន្នជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៉ី បាននិយាយថាការបញ្ចូលទឹកដីអ៊ុយក្រែន ក្នុងឧបសម្ព័ន្ធនឹងមិនអាចត្រូវបាន កែប្រែឡើយ ហើយថាវានឹងផ្ដល់អំណាចឱ្យរុស្ស៉ីប្រើប្រាស់គ្រប់មធ្យោបាយទាំងអស់ក្នុងការការពារខ្លួន នៅក្នុងទឹកដីដែលទទួលបានថ្មីៗ។ បានន័យថាប្រសិនបើរុស្ស៉ី ពិតជាដំណើរការលេបយកទឹកដីអ៊ុយក្រែនបានដោយជោគជ័យ ទោះជាគ្មានប្រទេសណាមួយទទួលស្គាល់ក៏ដោយ តែការវាយប្រហារ ឬសកម្មភាពយោធាណាមួយ របស់អ៊ុយក្រែននៅលើទឹកដីទាំងនោះ អាចនឹងត្រូវបានចាត់ទុកថាជាការវាយប្រហារលើរុស្ស៉ីដោយផ្ទាល់ ដែលនេះតម្រូវឱ្យទីក្រុងមូស្គូចាត់វិធានការឆ្លើយតបគ្រប់ទម្រង់ ទាំងអស់តាមដែលខ្លួនចង់។
ច្បាប់នុយក្លេអ៊ែររបស់រុស្ស៉ីបានចែងថាអាវុធនុយក្លេអ៊ែរ អាចនឹងត្រូវបានប្រើប្រាស់ ប្រសិនបើរុស្ស៉ី ឬទឹកដីរបស់ខ្លួនរងការវាយប្រហារដោយអាវុធនុយក្លេអ៊ែរ ឬក៏អាវុធ បង្កការបំផ្លិចបំផ្លាញណាមួយ ឬក៏បើអាយុជីវិតជាតិប្រឈមមមុខនឹងការគំរាមកំហែងពីខាងក្រៅ។ លោកស្រី តាទីយ៉ាណា ស្ដាណូវ៉ាយ៉ា (Tatiana Stanovaya) ជាស្ថាបនិកក្រុមអ្នកស្រាវជ្រាវ R.Politik បានកត់សម្គាល់ថា តាមរយៈការប្រញាប់រៀបចំការបោះឆ្នោតប្រជាមតិ លោក ពូទីន កំពុងគូសបន្ទាត់ក្រហមថ្មីមួយសម្រាប់ អ៊ុយក្រែន សហរដ្ឋអាមេរិក រួមទាំងសម្ព័ន្ធមិត្តអឺរ៉ុប ជាមួយការគំរាមប្រើអាវុធនុយក្លេអ៊ែរ។ «ការបង្កើតឧបសម្ព័ន្ធនឹងផ្ដល់ឱ្យលោក ពូទីន នូវលេសសមហេតុផលមួយដែល លោកត្រូវការ ដើម្បីគំរាម ឬប្រើអាវុធនុយក្លេអ៊ែរក្នុងការការពារនូវអ្វីដែលលោកចាត់ទុកថាជាទឹកដីរុស្ស៉ី»។ នេះជាការគូសបញ្ជាក់របស់លោកស្រី ស្ដាណូវ៉ាយ៉ា ជាមួយ ការបន្ថែមថាការគំរាមប្រើអាវុធនុយក្លេអ៊ែរ គឺមានគោលដៅបង្ខំឱ្យអ៊ុយក្រែនចុះចាញ់ មុននឹងលោក ពូទីនសម្រេចចិត្តចុងក្រោយចុចប៊ូតុងនុយក្លេអ៊ែរ។
ជាងនេះទៅទៀត សញ្ញាបង្ហាញថាលោក ពូទីន ចង់បង្កើនការធ្វើសង្រ្គាមនៅអ៊ុយក្រែន បានលេចឡើងកាន់តែច្បាស់ ក្រោយសភារុស្ស៉ីកាលពីថ្ងៃអង្គារសប្ដាហ៍នេះ បានអនុម័តភ្លាមៗលើច្បាប់ថ្មីមួយ ដែលនឹងដាក់ទោសព្រហ្មទណ្ឌលើទាហានទាំងឡាយណាដែលរត់ចោលជួរ ចុះចាញ់ ឬក៏បដិសេធមិនធ្វើតាមបទបញ្ជាកំលុង ការកែនទ័ព និងការដាក់ចេញច្បាប់អាជ្ញាសឹក។ ច្បាប់ថ្មីនេះបាននាំឱ្យមានការព្យាករថាលោក ពូទីន អាចនឹងប្រកាសសង្រ្គាមលើអ៊ុយក្រែន និងប្រកាសកែនទ័ពទូទាំង ប្រទេស ប្រសិនបើលោកចង់។
គួរបញ្ជាក់ថា ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន នៅថ្ងៃពុធ ទី២១ ខែកញ្ញានេះ បានប្រកាសពីការកែនកងទ័ពមួយផ្នែក ដែលនឹងត្រូវអនុវត្តទៅលើប្រជាជនរុស្ស៉ីណា ដែលស្ថិតក្នុងជួរទាហានបម្រុង ឬក៏ធ្លាប់បម្រើយោធាកាលពីមុនមក។ ក្នុងសុន្ទរកថាដែលត្រូវបានចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍រដ្ឋរុស្ស៉ី លោក ពូទីន បានអះអាងថា លោកបានចុះហត្ថលេខាលើក្រឹត្យមួយដើម្បីចាប់ផ្តើមការកែនកងទ័ព ចាប់ពីថ្ងៃពុធ ទី២១ ខែកញ្ញានេះតែម្តង ហើយវានឹងប៉ះពាល់តែចំពោះពលរដ្ឋរុស្ស៉ីទាំងឡាយដែល បច្ចុប្បន្នជាផ្នែកនៃយោធាបម្រុង ឬក៏ពីមុនមកធ្លាប់ បម្រើក្នុងកងកម្លាំងប្រដាប់អាវុធរុស្ស៉ី។ បើតាមរដ្ឋមន្រ្តីការពារជាតិរុស្ស៉ី លោក សឺហ្គៃ ស៊ុយហ្គូ (Sergei Shoigu) ទាហានបម្រុងប្រហែល ៣០០,០០០នាក់ នឹងចូលបម្រើយោធាកំលុងការកែនទ័ពនេះ។
ជាមួយគ្នានេះ លោកប្រធានាធិបតីរុស្ស៉ី បានព្រមានពីអាវុធនុយក្លេអ៊ែរជាថ្មីម្តងទៀតថារុស្ស៉ីត្រៀមលក្ខណៈរួចជាស្រេចដើម្បីប្រើប្រាស់គ្រប់មធ្យោបាយទាំងអស់ដែល ខ្លួនអាចធ្វើបាន ក្នុងករណីដែលមានការគំរាមកំហែងចំពោះបូរណភាពទឹកដីរបស់ប្រទេសរុស្ស៉ី។ លោក ពូទីន ក៏បានបង្ហាញការគាំទ្រចំពោះផែនការធ្វើប្រជាមតិ នៅតាមទឹកដីដែលកំពុងស្ថិតក្រោមការកាន់កាប់របស់កងទ័ពរុស្ស៉ី ក្នុងតំបន់ភាគខាងកើត និងភាគខាងត្បូងអ៊ុយក្រែនផងដែរ៕