(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol បានរងការរិះគន់ បន្ទាប់ពីលោកបាននិយាយចំអកឲ្យសហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់លោក ដោយមិនដឹងថាមានគេថតជាប់។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន The Bloomberg នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែកញ្ញា ឆ្នាំ២០២២។
មេដឹកនាំកូរ៉េខាងត្បូង លោក Yoon Se-yeol ត្រូវបានគេឮជេរប្រមាថសមាជិកសភាអាមេរិក បន្ទាប់ពីកិច្ចប្រជុំខ្លីមួយ ជាមួយប្រធានាធិបតី លោក Joe Biden ដើម្បីពិភាក្សាអំពីបញ្ហារួម ដូចជាការឧបត្ថម្ភធនរថយន្តអគ្គិសនីរបស់សហរដ្ឋអាមេរិក ដែលកូរ៉េខាងត្បូងចង់ផ្លាស់ប្តូរ។
វីដេអូមួយដែលត្រូវបានចាក់ផ្សាយ នៅលើកញ្ចក់ទូរទស្សន៍កូរ៉េខាងត្បូងបានបង្ហាញ លោក Yoon ប្រាប់រដ្ឋមន្ត្រីការបរទេស លោក Park Jin នៅទីក្រុងញូវយ៉កថា «ពិតជាអាម៉ាស់ណាស់សម្រាប់ លោក Biden ប្រសិនបើមនុស្សល្ងង់ទាំងនេះ មិនព្រមផ្តល់ឱ្យគាត់នៅក្នុងសភា»។ មតិនានាត្រូវបានថតជាប់ក្នុងមីក្រូហ្វូន ខណៈ លោក Yoon និងលោក Park បានចាកចេញពីការជជែកពិភាក្សាគ្នាខ្លី ជាមួយលោក Biden ក្នុងព្រឹត្តិការណ៍ Global Fund៕