(សាន់ឌីអេហ្គោ)៖ លោក លីអូណាដ ហ្គ្លេន ហ្រ្វាន់ស៉ីស (Leonard Glenn Francis) ប្រធានក្រុមហ៊ុនម៉ៅការវិស័យការពារជាតិ ជនជាតិម៉ាឡេស៉ី ដែលជាមេក្លោងនៅពីក្រោយ រឿងអាស្រូវស៉ីសំណូកដ៏ធំបំផុតមួយ ក្នុងប្រវត្តិសាស្រ្តយោធាសហរដ្ឋអាមេរិកនោះ គឺត្រូវបានចាប់ខ្លួនហើយ នៅឯប្រទេសវេណេស៊ុយអេឡា បន្ទាប់ពីលោកបានរត់គេចខ្លួនបាត់ ពីការឃុំឃាំងនៅក្នុងផ្ទះ មុនពេលត្រូវតុលាការផ្តន្ទាទោស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែកញ្ញា ឆ្នាំ២០២២។
អាជ្ញាធរសហរដ្ឋអាមេរិក បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា កិច្ចប្រឹងប្រែងជាអន្តរជាតិក្នុងការតាមប្រមាញ់ លោក ហ្រ្វាន់ស៉ីស បានបិទបញ្ចប់ទៅវិញហើយ ក្រោយលោកត្រូវចាប់ខ្លួនបាន ដោយអាជ្ញាធរវេណេស៊ុយអេឡា កាលពីថ្ងៃអង្គារសប្តាហ៍នេះ នៅឯអាកាសយានដ្ឋានទីក្រុងការ៉ាកាស់ ខណៈដែលរូបលោកប្រុងឡើងយន្តហោះ ដើម្បីឆ្ពោះទៅកាន់ប្រទេសមួយផ្សេងទៀត។ យ៉ាងណាមិញ វាមិនទាន់ច្បាស់នៅឡើយទេថា តើលោក ហ្រ្វាន់ស៉ីស នឹងត្រូវធ្វើបត្យាប័នមកកាន់សហរដ្ឋអាមេរិក នៅពេលណា។
កាលពីថ្ងៃទី៤ ខែកញ្ញា លោក ហ្រ្វាន់ស៉ីស បានកាត់ផ្តាត់ឧបករណ៍តាមដាន GPS ដែលបំពាក់នៅកជើងរបស់លោក ហើយរត់គេចខ្លួនបាត់ កំលុងការជាប់ឃុំឃាំងក្នុងផ្ទះរបស់លោក ដែលស្ថិតនៅទីក្រុងសាន់ឌីអេហ្គោ (San Diego) នៃរដ្ឋកាលីហ្វ័រញ៉ា (California) មុនពេលតុលាការសហព័ន្ធអាមេរិក ត្រូវប្រកាសផ្តន្ទាទោសរូបលោក នៅចុងខែនេះ ក្នុងសំណុំរឿងពុករលួយមួយ ដែលបានប្រព្រឹត្តទៅអស់ រយៈពេលជាង១ទសវត្សរ៍ ហើយជាប់ទាក់ទងជាមួយមន្រ្តីយោធាជើងទឹកអាមេរិក ជាច្រើននាក់។ ភ្លាមៗនោះ អាជ្ញាធរអាមេរិក បានប្រកាសផ្តល់ប្រាក់រង្វាន់ ៤០,០០០ដុល្លារ សម្រាប់ព័ត៌មានដែលឈានទៅរកការចាប់ខ្លួនលោក។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៥ លោក ហ្រ្វាន់ស៉ីស បានឆ្លើយសារភាពថា រូបលោកពិតជាបានផ្តល់សំណូកក្នុងទម្រង់ផ្សេងៗ ព្រមទាំងលុយជាង ៥០០,០០០ដុល្លារ ដល់ក្រុមមន្រ្តីទ័ពជើងទឹកអាមេរិក និងមនុស្សមួយចំនួនទៀត ជាថ្នូរដើម្បីជួយឱ្យក្រុមហ៊ុនផ្តល់សេវាកម្មគាំទ្រកប៉ាល់ របស់លោក ឈ្មោះថា Glenn Defense Marine Asia Ltd ហៅកាត់ GDMA មានមូលដ្ឋាននៅប្រទេសសិង្ហបុរី អាចទទួលបានកិច្ចសន្យា ដែលរកចំណូលបានច្រើនៗ ពីយោធាជើងទឹកអាមេរិក។
បើតាមក្រុមរដ្ឋអាជ្ញាអាមេរិក ក្រុមហ៊ុន GDMA កេងចំណេញប្រាក់លើយោធាជើងទឹកអាមេរិក បានយ៉ាងតិច៣៥លានដុល្លារ សម្រាប់ការផ្តល់សេវាកម្មផ្សេងៗ ដល់នាវាយោធារបស់អាមេរិក ដោយក្នុងនោះនាវាជាច្រើនត្រូវបានជំរុញឱ្យ ធ្វើដំណើរទៅកាន់កំពង់ផែនានា ដែលលោក ហ្រ្វាន់ស៉ីស គ្រប់គ្រងនៅក្នុងតំបន់ប៉ាស៉ីហ្វិក តាមរយៈការជួយពីក្រុមមន្រ្តី ដែលបានទទួលការសូកប៉ាន់ពីរូបលោក៕