(ប៉េកាំង)៖ ថ្ងៃទី២១ ខែកញ្ញា សកម្មភាពរំលឹកទិវាសន្តិភាពអន្តរជាតិឆ្នាំ២០២២ បានធ្វើឡើងនៅក្រុងប៉េកាំងប្រទេសចិន។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានរដ្ឋចិនបានផ្ញើលិខិតអបអរសាទរ ការប្រារព្ធសកម្មភាពលើកនេះ។
លោក Xi Jinping បានគូសបញ្ជាក់ថា បច្ចុប្បន្ន ស្ថានការណ៍សន្តិសុខអន្តរជាតិ មានការប្រែប្រួលដ៏ស្មុគស្មាញ ពិភពលោកបានឈានចូលសម័យកាលថ្មី ដែលមានការផ្លាស់ប្តូរដ៏រង្គោះរង្គើ។ ក្នុងខណៈពេលគន្លឹះនៃសប្រវត្តិសាស្រ្តនេះ ខ្ញុំបានលើកឡើងគំនិតផ្តួចផ្តើមសន្តិសុខពិភពលោក ដោយផ្តួចផ្តើមឱ្យប្រទេសនានាប្រកាន់ខ្ជាប់នូវទស្សនៈសន្តិសុខរួមចម្រុះ កិច្ចសហប្រតិបត្តិការនិងនិរន្តរភាព គោរពអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ប្រទេសនានា អនុលោមតាមកម្មវត្ថុនិងគោលការណ៍ធម្មនុញ្ញ នៃអង្គការសហប្រជាជាតិ ផ្តោតលើការយកចិត្តទុកដាក់ដ៏សមហេតុផល របស់ប្រទេសនានាចំពោះវិស័យសន្តិសុខ ដោះស្រាយការខ្វែងគំនិតនិងជម្លោះរវាងប្រទេសនិងប្រទេស តាមរយៈកិច្ចសន្ទនានិងការចរចា រួមគ្នារ៉ាប់រងភារកិច្ចគាំពារសន្តិភាព ដើរតាមផ្លូវអភិវឌ្ឍន៍ដោយសន្តិវិធី ចាប់ដៃគ្នាជំរុញការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ។
លោក Xi Jinping បានថ្លែងទៀតថា សកម្មភាពរបស់ប្រទេសចិនឆ្នាំនេះត្រូវបានធ្វើឡើងក្រោមប្រធានបទ «អនុវត្តគំនិតផ្តួចផ្តើមសន្តិសុខជាសកល គាំពារសន្តិភាពនិងស្ថិរភាពពិភពលោក» ដែលស្របនឹងស្មារតីនៃធម្មនុញ្ញអង្គការសហប្រជាជាតិ ស្តីពីការគាំពារសន្តិភាពនិងសន្តិសុខអន្តរជាតិ។ សង្ឃឹមថាសកម្មភាពលើកនេះអាចប្រមូលផ្តុំតម្រិះប្រាជ្ញានិងកម្លាំងរបស់គ្រប់ភាគី ដើម្បីរួមចំណែកដ៏វិជ្ជមានចំពោះការគាំពារ សន្តិភាពនិងស្ថិរភាពពិភពលោក៕
វិទ្យុមិត្តភាពកម្ពុជាចិន