(ប៉េកាំង)៖ លោក Chen Xu តំណាងអចិន្ត្រៃយ៍នៃប្រទេសចិនប្រចាំទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ និងអង្គការអន្តរជាតិផ្សេងទៀតក្នុងប្រទេសស្វ៊ីសបានអញ្ជើញចូលរួមការជជែកដេញដោលជាទូទៅលើបញ្ហាសិទ្ធិមនុស្ស បូករួមទាំងសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ និងសិទ្ធិអភិវឌ្ឍន៍ក្នុងសម័យប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិលើកទី៥១ កាលពីថ្ងៃទី ២១ ខែកញ្ញា។

លោកបានថ្លែងសុន្ទរកថាអំពាវនាវឱ្យសហគមន៍អន្តរជាតិ ជំរុញយ៉ាងប្រាកដប្រជានូវគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល ធានាឱ្យប្រជាជនទទួលបានសិទ្ធិមនុស្សយ៉ាងទូលំទូលាយ ពេញលេញ ពិតប្រាកដ ជាក់លាក់ និងមានប្រសិទ្ធភាពស្របតាមផ្លូវច្បាប់ ដើម្បីស្តារឡើងវិញនូវកិច្ចសហប្រតិបត្តិការសកលស្តីពីការអនុវត្តរបៀបវារៈឆ្នាំ ២០៣០ និងរួមគ្នាកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ។

លោក Chen Xu បានសង្កត់ធ្ងន់ទៀតថា ការអភិវឌ្ឍគឺជាមូលដ្ឋានគ្រឹះនៃការទទួលបានសិទ្ធិមនុស្ស។ គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល ដែលលើកឡើងដោយប្រធានរដ្ឋចិនលោក Xi Jinping គឺជាផលិតផលសាធារណៈមួយទៀត ដែលប្រទេសចិនបានរួមចំណែកក្នុងការជំរុញបុព្វហេតុសិទ្ធិមនុស្សអន្តរជាតិ។ សហគមន៍អន្តរជាតិបានឆ្លើយតបយ៉ាងសកម្ម ហើយប្រទេសជាង ១០០ បានបង្ហាញពីការគាំទ្រចំពោះគំនិតផ្តួចផ្តើមនេះ។ ប្រទេសចិនមានឆន្ទៈរួមជាមួយប្រទេសនានា ដើម្បីតម្កល់ការអភិវឌ្ឍជាកិច្ចការអាទិភាព និងជំរុញយ៉ាងប្រាកដប្រជានូវការអនុវត្តគំនិតផ្តួចផ្តើមនេះ៕

វិទ្យុមិត្តភាពកម្ពុជាចិន