(យូអិន)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន នៅថ្ងៃពុធសប្តាហ៍នេះបានចោទប្រកាន់រុស្ស៉ីថាគ្មានទំទួលខុសត្រូវទាល់តែសោះជុំវិញការគំរាមជាថ្មីពី ការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ជាមួយការសង្កត់ធ្ងន់ថាទីក្រុងមូស្គូ បានបំពានគោលការណ៍ស្នូលនៃសមាជិកភាពរបស់អង្គការសហប្រជាជាតិ (UN) ដោយ ការឈ្លានពានអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែកញ្ញា ឆ្នាំ២០២២។

ថ្លែងទៅកាន់អង្គមហាសន្និបាត UN លោក បៃដិន បានថ្កោលទោសប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន សម្រាប់ការបង្កសង្រ្គាមដោយគ្មានហេតុផល ស្របពេលដែលសមាជិក UN ប្រមាណ៤០ប្រទេស កំពុងជួយអ៊ុយក្រែនប្រយុទ្ធ តាមរយៈការផ្តល់ថវិកា និងអាវុធ។ កាលពីព្រឹកថ្ងៃពុធ (ម៉ោងក្នុងតំបន់) លោក ពូទីន បានបញ្ជាឲ្យមានការកែនទ័ពរុស្ស៉ីដើម្បីទៅប្រយុទ្ធនៅអ៊ុយក្រែន និងបានគំរាមប្រើប្រាស់នុយក្លេអ៊ែរដើម្បីការពារប្រទេស នោះជាអ្វីដែលអង្គការណាតូ ចាត់ទុកថាជាទង្វើគ្មានការប្រុងប្រយ័ត្នដ៏គ្រោះថ្នាក់។

លោក បៃដិន បានគាំទ្រសេចក្តីថ្លែងការណ៍របស់អង្គការណាតូខាងលើនេះ ដោយសង្កត់ធ្ងន់ថា «ជាថ្មីម្តងទៀត, នៅថ្ងៃនេះ លោកប្រធានាធិបតី ពូទីន បានធ្វើ ការគំរាមប្រើអាវុធនុយក្លេអ៊ែរ ប្រឆាំងនឹងអឺរ៉ុប ដោយមិនខ្វល់អំពីទំនួលខុសត្រូវចំពោះកិច្ចព្រមព្រៀងមិនរីកសាយភាយនុយក្លេអ៊ែរ។ សង្រ្គាមនុយក្លេអ៊ែរ នឹងមិនអាចមានអ្នកឈ្នះឡើយ ហើយវាក៏មិនត្រូវឲ្យកើតមានឡើងនោះដែរ»

គួរបញ្ជាក់ថា បេសកជនរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយ លើការលើកឡើងរបស់លោក បៃដិន ខាងលើនេះនោះទេ ខណៈរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គៃ ឡារ៉ូវ (Sergei Lavrov) ក៏កំពុងស្ថិតនៅទីក្រុងញូយ៉កសម្រាប់កិច្ចប្រជុំរបស់ អង្គការសហប្រជាជាតិ៕