(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានទាមទារឲ្យមានតុលាការពិសេសមួយរបស់អង្គការសហប្រជាជាតិ ដើម្បីផន្ដន្ទាទោសលើ លើរុស្ស៊ីចំពោះការឈ្លានពានប្រទេសរបស់លោក គួបផ្សំជាមួយការដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងដកហូតអំណាចវេតូរបស់រុស្ស៉ី នៅក្នុងក្រុមប្រឹក្សាសន្តិសុខ ផងដែរ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែកញ្ញា ឆ្នាំ២០២២។
ការទាមទាររបស់ប្រធានាធិបតីអ៊ុយក្រែនខាងលើនេះ ធ្វើឡើងក្នុងសុន្ទរកថាជាវីដេអូទៅកាន់មេដឹកនាំពិភពលោក ដែលកំពុងជួបប្រជុំគ្នានៅឯមហាសន្និបាត អង្គការសហប្រជាជាតិ នាថ្ងៃពុធសប្តាហ៍នេះ ចំពេលដែលប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាឲ្យមានការកែនទ័ពប្រហែល ៣០០,០០០នាក់ ដើម្បីធ្វើសង្រ្គាមនៅអ៊ុយក្រែន។
លោក ហ្សេលេនស្គី បានប្រាប់សមាជិក UN ទាំងអស់យ៉ាងដូច្នេះថា «ឧក្រិដ្ឋកម្មមួយត្រូវបានប្រព្រឹត្តប្រឆាំងនឹងអ៊ុយក្រែន ហើយយើងទាមទារឲ្យមាន ការផ្តន្ទាទោស។ តុលាការពិសេសមួយគួរតែត្រូវបានបង្កើតឡើងដើម្បីផ្តន្ទាទោសរុស្ស៊ី ចំពោះឧក្រិដ្ឋកម្មឈ្លានពានប្រឆាំងនឹងប្រទេសរបស់យើង...»។
ជាមួយគ្នានេះលោក ហ្សេលេនស្គី ក៏បានជំរុញជាថ្មីឲ្យអង្គការសហប្រជាជាតិ «ដកសិទ្ធិវេតូ» របស់រុស្ស៊ីពីសមាជិកក្រុមប្រឹក្សាសន្តិសុខនេះផងដែរ។
គួរបញ្ជាក់ថា នៅព្រឹកថ្ងៃពុធសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) លោក ពូទីន បានបញ្ជាឲ្យកែនកងទ័ពបន្ថែម និងបានគំរាមប្រើប្រាស់អាវុធនុយក្លេអ៊ែរ។ ភ្លាមៗនោះ រដ្ឋមន្ត្រីការបរទេសនៃសហភាពអឺរ៉ុប និងក្រុមប្រទេស G7 បានកោះប្រជុំកាលដើម្បីពិភាក្សាអំពីការដាក់ទណ្ឌកម្មថ្មី និងការប្រគល់អាវុធសម្រាប់ទីក្រុងកៀវ បន្ថែមទៀត៕