(ឡុងដ៍)៖ កងកម្លាំងសន្តិសុខរុស្ស៉ី បានចាប់ឃុំខ្លួនមនុស្សជាង ១,៣០០នាក់ នៅថ្ងៃពុធសប្ដាហ៍នេះ កំលុងការធ្វើបាតុកម្មតវ៉ាប្រឆាំងនឹងការកែនកងទ័ព តែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីលោក វ្ល៉ាឌីមៀ ពូទីន បញ្ជាឱ្យកែនកងទ័ពជាលើកដំបូងចាប់តាំងពីសង្រ្គាមលោកលើកទី២ មក។ នេះបើតាម អង្គការសិទ្ធិមនុស្ស ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែកញ្ញា ឆ្នាំ២០២២។

អង្គការសិទ្ធិមនុស្ស OVD-Info បានឱ្យដឹងថាដោយផ្អែកលើព័ត៌មានដែលខ្លួនប្រមូលបានពីទីក្រុងចំនួន ៣៨ នៅទូទាំងប្រទេសរុស្ស៉ី មនុស្ស ១,៣១១នាក់ ត្រូវបានចាប់ខ្លួនកាលពីល្ងាចថ្ងៃពុធសប្ដាហ៍នេះ។ អង្គការមួយនេះបន្ថែមថានៅក្នុងចំណោមអ្នកទាំងនេះ មានយ៉ាងហោច ៥០២នាក់ ត្រូវបានចាប់ខ្លួន ក្នុងទីក្រុងមូស្គូ និង៥២៤នាក់ នៅក្នុងទីក្រុងសាំង ភីតធើស្បឺគ (St Petersburg)។

គួរបញ្ជាក់ថា កាលពីថ្ងៃពុធសប្ដាហ៍នេះ លោក ពូទីន បានប្រកាសកែនកងទ័ពរុស្ស៉ីជាង ៣០០,០០០នាក់ ដើម្បីត្រៀមខ្លួនប្រយុទ្ធនៅអ៊ុយក្រែន ហើយ ព្រមពេលជាមួយគ្នា បុរសខ្លាំងរូបនេះក៏បានគំរាមជាថ្មីពីការប្រើអាវុធនុយក្លេអ៊ែរផងដែរ៕