(បែរឡាំង)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ នៅថ្ងៃពុធសប្ដាហ៍នេះថាលោកផ្ទាល់មិនជឿ នោះទេថា រុស្ស៉ីនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរនៅក្នុងសង្រ្គាមអ៊ុយក្រែន បន្ទាប់ពីលោក វ្ល៉ាឌីមៀ ពូទីន បានគំរាមសាជាថ្មីថាទីក្រុងមូស្គូនឹងប្រើគ្រប់ មធ្យោបាយ ក្នុងនោះរួមមានទាំងអាវុធនុយក្លេអ៊ែរ ដើម្បីការពារទឹកដីរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែកញ្ញា ឆ្នាំ២០២២។
ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយកាសែតអាល្លឺម៉ង់បៀលដ៍ (Bild) លោក ហ្សេលេនស្គី បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំជឿឡើយថាលោក (លោក ពូទីន) នឹងប្រើអាវុធបែបនេះ (អាវុធនុយក្លេអ៊ែរ)...ហើយខ្ញុំក៏មិនជឿនោះដែរថាពិភពលោកនឹងអនុញ្ញាតឱ្យលោកប្រើប្រាស់អាវុធនេះ»។ លោក ហ្សេលេនស្គី ក៏បានព្រមានដែរកុំឱ្យពិភពលោកចាញ់ការសម្លុតគំរាមរបស់លោក ពូទីន។ «នៅថ្ងៃស្អែក លោក ពូទីន អាចនឹងនិយាយដូចគ្នាថាយើងចង់បានទឹកដីមួយ ផ្នែករបស់ប៉ូឡូញ ដូចដែលលោកកំពុងធ្វើនៅអ៊ុយក្រែន ជាមួយការគំរាមប្រើអាវុធនុយក្លេអ៊ែរ។ ដូច្នេះយើងមិនអាចចាញ់សម្លុតបែបនេះនោះទេ»។
គួរបញ្ជាក់ថា កាលពីថ្ងៃពុធសប្ដាហ៍នេះ លោក ពូទីន បានប្រកាសកែនកងទ័ពរុស្ស៉ីជាង ៣០០,០០០នាក់ ដើម្បីត្រៀមខ្លួនប្រយុទ្ធនៅអ៊ុយក្រែន ហើយ ព្រមពេលជាមួយគ្នា បុរសខ្លាំងរូបនេះក៏បានគំរាមជាថ្មីពីការប្រើអាវុធនុយក្លេអ៊ែរផងដែរ។ ការសម្លុតគំរាមនេះកើតមានឡើងបន្ទាប់ពីក្រុមមន្ត្រីលើកបន្តុប ដោយទីក្រុងមូស្គូ នៅក្នុងតំបន់ចំនួន៤ គ្រប់គ្រងដោយរុស្ស៉ីស្ថិតនៅភាគខាងកើត និងភាគខាងត្បូងអ៊ុយក្រែន បានប្រកាសពីផែនការរៀបចំការបោះឆ្នោត ប្រជាមតិចូលរួមជាមួយរុស្ស៉ីចាប់ពីថ្ងៃទី២៣ រហូតដល់ថ្ងៃទី២៧ ខែកញ្ញានេះ៕