(ឡុងដ៍)៖ ទីភ្នាក់ងារអង្គការសហប្រជាជាតិ បានព្រមានកាលពីថ្ងៃពុធសប្តាហ៍នេះថា មនុស្សជិតមួយលាននាក់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន អេត្យូពី ស៊ូដង់ខាងត្បូង សូម៉ាលី និងយេម៉ែន កំពុងស្រេកឃ្លាន ឬនឹងប្រឈមមុខនឹងភាពអត់ឃ្លាននៅឆ្នាំនេះ ប្រសិនបើគ្មានជំនួយ ដោយសារវិបត្តិស្បៀងអាហារពិភពលោកកាន់តែអាក្រក់ទៅៗ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AP នៅថ្ងៃពុធ ទី២១ ខែកញ្ញា ឆ្នាំ២០២២។

ជម្លោះក្នុងតំបន់ និងអាកាសធាតុប្រែប្រួលនៅតែជាកត្តាជំរុញចម្បង នៃភាពអត់ឃ្លានធ្ងន់ធ្ងរ ហើយកាន់តែធ្ងន់ធ្ងរឡើងនៅឆ្នាំនេះ ដោយសារអស្ថិរភាពសេដ្ឋកិច្ច ដែលជាប់ទាក់ទងនឹងផលប៉ះពាល់ នៃការរាតត្បាតនៃជំងឺកូវីដ-១៩ និងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។

ប្រធានអង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) បាននិយាយ «គ្រោះរាំងស្ងួតធ្ងន់ធ្ងរនៅស្នែងនៃទ្វីបអាហ្រ្វិក បានរុញច្រានប្រជាជនឱ្យឈានដល់មាត់ជ្រោះនៃភាពអត់ឃ្លាន។ អសន្តិសុខស្បៀងធ្ងន់ធ្ងរកំពុងកើនឡើងយ៉ាងឆាប់រហ័ស និងរីករាលដាលនៅជុំវិញពិភពលោក។ ប្រសិនបើមិនមានការឆ្លើយតបផ្នែកមនុស្សធម៌ដ៏ធំទេ ស្ថានភាពទំនងជានឹងកាន់តែអាក្រក់ទៅៗនៅក្នុងប៉ុន្មានខែខាងមុខនេះ»