(ឡុងដ៍)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃពុធនេះ បានកោះហៅទាហានបម្រុងចំនួន ៣០០,០០០នាក់ ដើម្បីទៅប្រយុទ្ធនៅអ៊ុយក្រែន ហើយបាននិយាយថា ទីក្រុងមូស្គូនឹងឆ្លើយតបជាមួយនឹងកម្លាំង នៃឃ្លាំងអាវុធដ៏ធំរបស់ខ្លួន ប្រសិនបើលោកខាងលិចបន្តនូវអ្វីដែលលោកហៅថា «ការគំរាមកំហែងនុយក្លេអ៊ែរ» ជុំវិញជម្លោះនៅទីនោះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AP នៅថ្ងៃពុធ ទី២១ ខែកញ្ញា ឆ្នាំ២០២២។

នេះជាការចល័តទ័ពធំលើកដំបូង របស់រុស្ស៊ីចាប់តាំងពីសង្គ្រាមលោកលើកទី២ ដែលជាការកើនឡើងយ៉ាងខ្លាំងក្នុងសង្គ្រាម ដែលឥឡូវនេះក្នុងខែទីប្រាំពីរហើយ។

ការចល័តនេះបានធ្វើឡើង ក្រោយពីការបរាជ័យនាពេលថ្មីៗនេះសម្រាប់កងទ័ពរុស្ស៊ី ដែលត្រូវបានបណ្តេញចេញពីតំបន់ ដែលពួកគេកាន់កាប់នៅភាគឦសានអ៊ុយក្រែន ក្នុងការវាយលុករបស់អ៊ុយក្រែនក្នុងខែនេះ ហើយបានជាប់គាំងនៅភាគខាងត្បូង។

នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ ទៅកាន់ប្រជាជាតិរុស្ស៊ី លោក ពូទីន បាននិយាយថា «ប្រសិនបើបូរណភាពទឹកដីនៃប្រទេសរបស់យើង ត្រូវបានគំរាមកំហែង យើងនឹងប្រើគ្រប់មធ្យោបាយដែលមាន ដើម្បីការពារប្រជាជនរបស់យើង នេះមិនមែនជាការបំភាន់ច្រលំទេ»។ លោកបានបន្ថែមថា រុស្ស៊ីមានអាវុធជាច្រើនដើម្បីឆ្លើយតប។

រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីបានគូសបញ្ជាក់ថា ការចល័តដោយផ្នែក នឹងមានទាហានបម្រុងចំនួន ៣០០,០០០នាក់ត្រូវបានកោះហៅ ហើយនឹងអនុវត្តចំពោះអ្នកដែលមានបទពិសោធន៍យោធាពីមុនមក៕