(ម៉ានីល)៖ មេដឹកនាំហ្វីលីពីន លោក Ferdinand Marcos Jr នឹងជួបជាមួយប្រធានាធិបតីអាមេរិក Joe Biden ជាលើកដំបូង នៅខាងក្រៅមហាសន្និបាតអង្គការសហប្រជាជាតិ ដែលកំពុងដំណើរការនៅទីក្រុងញូវយ៉ក នេះបើយោងតាមមន្ត្រី និងប្រភពដែលដឹងអំពីផែនការនេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AP នៅថ្ងៃពុធ ទី២១ ខែកញ្ញា ឆ្នាំ២០២២។
លេខាធិការសារព័ត៌មានរបស់ លោក Marcos គឺលោកស្រី Trixie Cruz-Angeles បាននិយាយនៅក្នុងសារ Twitter នៅលើគណនីផ្លូវការរបស់គាត់ កាលពីថ្ងៃពុធសប្តាហ៍នេះ ដែលក្រោយមកត្រូវបានលុបចោលវិញថា មេដឹកនាំប្រទេសទាំងពីរត្រូវបានគេរំពឹងថា នឹងជួបគ្នាដើម្បីពិភាក្សាអំពីពាណិជ្ជកម្ម ការវិនិយោគ និងការពង្រឹងទំនាក់ទំនង។
ទោះជាយ៉ាងណា ការិយាល័យរបស់លោក Marcos និងក្រសួងការបរទេសហ្វីលីពីន មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការបំភ្លឺ អំពីកិច្ចប្រជុំ ដែលសេតវិមានមិនទាន់បានប្រកាសនេះនោះទេ៕