(មូស្គូ)៖ រដ្ឋមន្រ្តីការពារជាតិរុស្ស៉ី លោក សឺហ្គៃ ស៊ុយហ្គូ (Sergey Shoigu) នៅថ្ងៃពុធនេះបាននិយាយថា យោធារុស្ស៉ីបានបាត់បង់ កងទ័ពជិត៦,០០០នាក់ អំលុងសង្រ្គាមជាច្រើនខែមកនេះនៅអ៊ុយក្រែន ហើយបើតាមការអះអាងរបស់លោក ខាងអ៊ុយក្រែនឯណោះវិញ បានបាត់បង់កងទ័ពច្រើនជាងដល់ទៅ ១០ដងឯណោះ គឺកងកម្លាំងរបស់ទីក្រុងកៀវជាង៦១,០០០នាក់ ត្រូវបានសម្លាប់។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន RT នៅថ្ងៃពុធ ទី២១ ខែកញ្ញា ឆ្នាំ២០២២។

លោកប្រមុខការពារជាតិរុស្ស៉ី បានលើកឡើងយ៉ាងដូច្នេះថា «មកទល់ពេលនេះ ខាងយើងបានបាត់បង់កម្លាំងទ័ពសរុបចំនួន ៥,៩៣៧នាក់។ ចំណែកខាងអ៊ុយក្រែនវិញ គឺពីដំបូងឡើយអ៊ុយក្រែនមានកម្លាំងប្រដាប់អាវុធ ចន្លោះ២០១,០០០-២០២,០០០នាក់ ហើយចាប់តាំងពីពេលនោះមក ពួកគេបានបាត់បង់កងកម្លាំងខ្ទង់ ១០០,០០០នាក់ ដោយ៦១,២០៧នាក់បានស្លាប់ និង៤៩,៣៦៨នាក់ បានរងរបួស»។ លោក ស៊ុយហ្គូ បានបន្ថែមថា ចាប់តាំងពីពេលនោះ ទីក្រុងកៀវក៏បានកេណ្ឌទ័ពរាប់សែននាក់បន្ថែមផងដែរ។

គួរបញ្ជាក់ថា វាគឺជាលើកដំបូងហើយ ដែលរុស្ស៉ីបានប្រកាសពី ការបាត់បង់ចំនួនកងទ័ពរបស់ខ្លួន អំលុងសង្រ្គាមនៅអ៊ុយក្រែន បើគិតចាប់តាំងពីចុងខែមីនា នៅពេលតួលេខកាលនោះស្ថិតនៅត្រឹម ១,៣៥១នាក់។ យ៉ាងណាមិញ យោងតាមការប៉ាន់ស្មានរបស់ ក្រសួងការពារជាតិអាមេរិក កាលពីដើមខែសីហាកន្លងទៅ គឺកងទ័ពរុស្ស៉ីអាចរហូត ដល់៨០,០០០នាក់ ត្រូវបានសម្លាប់ ឬក៏រងរបួស បន្ទាប់ពីរុស្ស៉ីបានបើកការឈ្លានពានលើអ៊ុយក្រែន កាលពីចុងខែកុម្ភៈ ឆ្នាំនេះ៕