(មូស្គូ)៖ សំបុត្រសម្រាប់ជើងហោះហើរចេញពីប្រទេសរុស្ស៉ី ត្រូវបានលក់អស់យ៉ាងឆាប់រហ័ស នៅថ្ងៃពុធនេះ បន្ទាប់ប្រធានាធិបតី លោក វ៉្លាឌីមៀ ពូទីន បានប្រកាសពីការចេញបញ្ជាឲ្យកេណ្ឌកងទ័ព ចេញពីទាហានបម្រុងចំនួន ៣០០,០០០នាក់ជាបន្ទាន់។ នេះបើតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២១ ខែកញ្ញា ឆ្នាំ២០២២។

រដ្ឋមន្រ្តីការពារជាតិលោក សឺហ្គៃ ស៊ុយហ្គូ (Sergei Shoigu) បានបញ្ជាក់ថា ការកេណ្ឌកងទ័ពខាងលើនេះ គឺត្រូវអនុវត្តតែទៅលើ ពលរដ្ឋរុស្ស៉ីដែលមានឈ្មោះជាទាហានបម្រុង ឬធ្លាប់បម្រើ ក៏ដូចជាមានបទពិសោធន៍យោធាប៉ុណ្ណោះ ខណៈនិស្សិតនិងអ្នកដែល បានត្រឹមតែចូលបំពេញកាតព្វកិច្ចយោធា គឺមិនប៉ះពាល់ទេ។

ទិន្នន័យពី Google Trends បានបង្ហាញថា ចំនួនអ្នកស្វែងរកទិញសំបុត្រធ្វើដំណើរតាម Aviasales ដែលជាគេហទំព័រដ៏ពេញនិយមរបស់រុស្ស៉ី សម្រាប់ការទិញសំបុត្រជើងហោះហើរ គឺមានការកើនឡើងខ្លាំង។ ជាមួយគ្នានេះ ជើងហោះហើរត្រង់ពីទីក្រុងមូស្គូទៅកាន់ទីក្រុងអ៉ីស្តង់ប៊ុល នៃប្រទេសតួកគី និងទីក្រុងយ៉េរ៉េវ៉ាន់ នៃនៃប្រទេសអាមេនី ដែលជាគោលដៅអនុញ្ញាតឲ្យពលរដ្ឋរុស្ស៉ីចូល ដោយគ្មានទិដ្ឋាការនោះ ក៏ត្រូវបានលក់អស់ត្រឹមថ្ងៃពុធនេះ។

ដោយឡែកផ្លូវទៅកាន់ទីតាំងប្តូរជើងហោះហើរមួយចំនួន រួមទាំងពីទីក្រុងមូស្គូ ទៅកាន់ទីក្រុងធីប៊ីលីស៉ី (Tbilisi) នៃប្រទេសហ្សកហ្ស៉ី ក៏មិនមានលក់ដែរ ខណៈជើងហោះហើរដែលមានតម្លៃថោកបំផុត ពីមូស្គូទៅកាន់ឌូបៃ បានឡើងថ្លៃរហូតដល់ ៣០០,០០០រូប្លិ៍ (៥,០០០ដុល្លារអាមេរិក) ដែលស្មើនឹងប្រហែល៥ដង នៃប្រាក់ឈ្នួលប្រចាំខែជាមធ្យមរបស់ប្រជាជនរុស្ស៉ី៕