(ណៃពិដោ)៖ អ្នកនាំពាក្យនៃរបបយោធាមីយ៉ាន់ម៉ា លោក ហ្ស មីនទួន (Zaw Min Tun) បាននិយាយថាប្រទេសមីយ៉ាន់ម៉ា នឹងទទួលបានយន្តហោះចម្បាំងពហុមុខងារ Su-30SM ថ្មីៗបន្ថែមទៀតពីប្រទេសរុស្ស៉ី ក្នុងពេលឆាប់ៗខាងមុខនេះ។ នេះបើយោងតាមការចុះផ្សាយដោយ សារព័ត៌មានរុស្ស៉ី TASS នៅថ្ងៃពុធ ទី២១ ខែកញ្ញា ឆ្នាំ២០២២។

មន្រ្តីដដែលរូបនេះបាននិយាយថា ក្នុងដំណើរទស្សនកិច្ចចុងក្រោយបំផុត ទៅកាន់ប្រទេសរុស្ស៉ី កាលពីពេលកន្លងទៅថ្មីៗនេះ មេដឹកនាំយោធាមីយ៉ាន់ម៉ា លោក មីន អោងឡាំង (Min Aung Hlaing) បានត្រួតពិនិត្យការផលិត និងការសាកល្បងយន្តហោះទាំងនោះ នៅឯរោងចក្រផលិតយន្តហោះ អៀគូស្ក៍ (Irkutsk) ដែលស្ថិតនៅតំបន់ស៉ីបេរី។ លោក ហ្ស មីនទួន បានគូសបញ្ជាក់ថា «យន្តចម្បាំងទាំងនោះនឹងមកដល់មីយ៉ាន់ម៉ាក្នុងពេលឆាប់ៗនេះ»

គួរបញ្ជាក់ថា Su-30SM ត្រូវបានផលិតសម្រាប់ប្រទេសមីយ៉ាន់ម៉ា ក្រោមកិច្ចសន្យាដែលបានចុះហត្ថលេខា កាលពីឆ្នាំ២០១៨ និងមានតម្លៃប្រហែល ២០៤លានដុល្លារ។ យន្តហោះ២គ្រឿងដំបូង ត្រូវបានប្រគល់មកឱ្យមីយ៉ាន់ម៉ា រូចរាល់កាលពីខែមីនា ហើយនៅសល់៤គ្រឿងទៀត ដែលនឹងត្រូវប្រគល់បន្តទៀត ក្នុងពេលអនាគតដ៏ខ្លីខាងមុខ៕