(យូអិន)៖ នាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក យ៊ែរ ឡាពីដ (Yair Lapid) និងប្រធានាធិបតីតួកគី លោក តាយីប អឺដូហ្កាន់ (Tayyip Erdogan) បានជួបគ្នាកាលពីថ្ងៃអង្គារសប្តាហ៍នេះ នៅក្រៅមហាសន្និបាតនៃអង្គការសហប្រជាជាតិ (UNGA) សម្រាប់កិច្ចពិភាក្សាទល់មុខជាលើកដំបូង គិតចាប់តាំងពី២០០៨មក រវាងប្រទេសទាំងពីរ ដែលសុទ្ធតែជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២១ ខែកញ្ញា ឆ្នាំ២០២២។

ក្រៅពីជជែកគ្នាអំពីវិស័យថាមពល លោក ឡាពីដ បានអរគុណលោក អឺដូហ្កាន់ សម្រាប់ការចែករំលែកព័ត៌មានសម្ងាត់រវាងប្រទេសទាំងពីរ ហើយបានរំលឹកសាជាថ្មី អំពីការទាមទារបស់អ៉ីស្រាអែល សម្រាប់ការវិលត្រឡប់មកវិញ នៃពលរដ្ឋខ្លួន៤នាក់ ក្នុងនោះ២នាក់ជាទាហាន ដែលបានបាត់ខ្លួន នៅតំបន់ហ្កាហ្សាស្ទ្រីព (Gaza Strip) ចាប់តាំងតែពីសង្រ្គាមឆ្នាំ២០១៤មក។ ទំនាក់ទំនងរវាងអ៉ីស្រាអែលនិងតួកគី ដែលកន្លងមកមានភាពល្អក់កករជាយូរមកហើយ ជុំវិញបុព្វហេតុនៃដែនដីប៉ាឡេស្ទីននោះ គឺបានចាប់ផ្តើមវិវត្តឆ្ពោះទៅរកភាពប្រសើរឡើងជាងមុន ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។

គួរបញ្ជាក់ថា តួកគីមានទំនាក់ទំនងជិតស្និទ្ធជាមួយ ក្រុមចលនាហាម៉ាស់ប៉ាឡេស្ទីន (Hamas) ដែលជាអ្នកគ្រប់គ្រងតំបន់ហ្កាហ្សា ខណៈទំនាក់ទំនងនេះហើយ ដែលជារឿយៗគឺជាឧបសគ្គចម្បង ចំពោះកិច្ចប្រឹងប្រែងរបស់ទីក្រុងអង់ការ៉ា ក្នុងការកសាងចំណងទាក់ទង ឡើងវិញជាមួយអ៉ីស្រាអែល។ ចំណែកតួកគីវិញ ក៏មានការខឹងសម្បារចំពោះអ៉ីស្រាអែលផងដែរ ដោយសារហេតុការណ៍កាលពីឆ្នាំ២០១០ ដោយសកម្មជនតួកគី១០នាក់ បានបាត់បង់ក្នុងជម្លោះហិង្សា ដែលបានផ្ទុះឡើង នៅពេលកងម៉ារីនអ៉ីស្រាអែល សម្រុកឡើងកប៉ាល់មួយគ្រឿង ដែលព្យាយាមទម្លុះការបិទខ្ទប់ដែនទឹករបស់អ៉ីស្រាអែល លើតំបន់ហ្កាហ្សា៕