(មូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន នៅថ្ងៃពុធនេះ បានប្រកាសអំពីការកេណ្ឌកងទ័ព ដែលត្រូវអនុវត្តទៅលើប្រជាជនរុស្ស៉ីណា ដែលស្ថិតក្នុងជួរទាហានបម្រុង ឬក៏ធ្លាប់បម្រើយោធាកាលពីមុនមក ស្របពេលដែលសង្រ្គាមនៅអ៊ុយក្រែន កំពុងឈានជិតដល់ខែទី៨។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Aljazeera នៅថ្ងៃពុធ ទី២១ ខែកញ្ញា ឆ្នាំ២០២២។
ក្នុងសុន្ទរកថាដែលត្រូវបានចាយផ្សាយ លោក ពូទីន បាននិយាយថា លោកបានចុះហត្ថលេខាលើក្រឹត្យមួយ ដើម្បីចាប់ផ្តើមការកេណ្ឌកងទ័ព ចាប់ពីថ្ងៃពុធនេះទៅតែម្តង ហើយវានឹងប៉ះពាល់តែចំពោះពលរដ្ឋរុស្ស៉ីទាំងឡាយ ដែលបច្ចុប្បន្ន គឺជាផ្នែកនៃយោធាបម្រុង ឬក៏ពីមុនមកធ្លាប់បម្រើក្នុងកងកម្លាំងប្រដាប់អាវុធរុស្ស៉ីប៉ុណ្ណោះ។ បើតាមរដ្ឋមន្រ្តីការពារជាតិរុស្ស៉ី លោក សឺហ្គៃ ស៊ុយហ្គូ (Sergei Shoigu) ទាហានបម្រុងប្រហែល ៣០០,០០០នាក់ នឹងចូលបម្រើយោធា កំលុងការកេណ្ឌទ័ពនេះ។
ជាមួយគ្នានេះ លោកប្រធានាធិបតីរុស្ស៉ី បានព្រមានពីអាវុធនុយក្លេអ៊ែរជាថ្មីម្តងទៀត តាមរយៈការនិយាយថា រុស្ស៉ីត្រៀមលក្ខណៈរួចជាស្រេច ដើម្បីប្រើប្រាស់គ្រប់មធ្យោបាយទាំងអស់ ដែលខ្លួនអាចធ្វើបាន ក្នុងករណីដែលមានការគំរាមកំហែង ចំពោះបូរណភាពទឹកដីរបស់ប្រទេសរុស្ស៉ី។
គួរបញ្ជាក់ថា លោក ពូទីន ក៏បានបង្ហាញការគាំទ្រចំពោះផែនការធ្វើប្រជាមតិ នៅតាមទឹកដីដែលកំពុងស្ថិតក្រោម ការកាន់កាប់របស់កងទ័ពរុស្ស៉ី ក្នុងតំបន់ភាគខាងកើត និងភាគខាងត្បូងអ៊ុយក្រែនផងដែរ៕