(យូអិន)៖ កាលពីថ្ងៃអង្គារសប្តាហ៍នេះ អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូល (Olaf Scholz) បាននិយាយថា ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន នឹងមិនបោះបង់ចោល «មហិច្ឆតាចក្រពត្តិនិយម» របស់ខ្លួន ដែលកំពុងធ្វើឱ្យទាំងអ៊ុយក្រែននិងទាំងរុស្ស៉ី ត្រូវប្រឈមមុខភាពវិនាសហិនហោចឡើយ លុះត្រាតែលោកទទួលស្គាល់ថា លោកពុំអាចទទួលជ័យជម្នះ ក្នុងសង្រ្គាមនៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២១ ខែកញ្ញា ឆ្នាំ២០២២។
ក្នុងការថ្លែងសារលើកដំបូងរបស់លោក ទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) លោក សូល បាននិយាយដូច្នេះថា «នេះហើយគឺជាមូលហេតុដែលយើងទាំងអស់គ្នា នឹងមិនទទួលយកផែនការសន្តិភាពណាមួយ ដែលគូសវាសដោយរុស្ស៉ីដាច់ខាត ហើយនេះក៏ជាមូលហេតុផងដែរ ដែលអ៊ុយក្រែនចាំបាច់ត្រូវតែបន្តមានសមត្ថភាព ទប់ទល់ការវាយប្រហាររបស់រុស្ស៉ី»។
លោកអធិការបតីអាល្លឺម៉ង់ បានបន្តថា ការវិលមកវិញនៃគំនិតចក្រពត្តិនិយម តាមរយៈសង្រ្គាមរបស់លោក ពូទីន នៅអ៊ុយក្រែន គឺមិនមែនគ្រាន់ជា គ្រោះមហន្តរាយចំពោះតំបន់អឺរ៉ុបប៉ុណ្ណោះទេ ក៏ប៉ុន្តែគឺចំពោះសណ្តាប់ធ្នាប់ ដែលឈរលើគោលការណ៍សុខសន្តិភាព និងផ្អែកលើច្បាប់អន្តរជាតិរបស់សកលលោកតែម្តង។
គួរបញ្ជាក់ថា លោក សូល បានអំពាវនាវឱ្យអង្គការសហប្រជាជាតិ ការពារសណ្តាប់ធ្នាប់អន្តរជាតិ ពីជនទាំងឡាយណា ដែលចង់បានពិភពលោកមួយ ដែលឈរលើគោលការណ៍ «ខ្លាំងត្រួតត្រាខ្សោយ»។ លោក សូល ក៏បានប្រកាសផងដែរថា ទីក្រុងបែរឡាំងនឹងធ្វើជាម្ចាស់ផ្ទះ នៃសន្និសីទមួយស្តីពីការស្ថាបនាអ៊ុយក្រែនឡើងវិញ នៅថ្ងៃទី២៥ ខែតុលាខាងមុខ៕