(ប៉េកាំង)៖ អ្នកនាំពាក្យម្នាក់របស់រដ្ឋាភិបាលចិន នៅថ្ងៃពុធនេះបាននិយាយថាចិនមានបំណងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីបង្រួបបង្រួមជាតិជាមួយតៃវ៉ាន់ ដោយ សន្តិវិធី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២១ ខែកញ្ញា ឆ្នាំ២០២២។
លោក ម៉ា សៀវហ្គ័ង (Ma Xiaoguang) ដែលជាអ្នកនាំពាក្យការិយាល័យទទួលបន្ទុកកិច្ចការតៃវ៉ាន់របស់ចិន ធ្វើការកត់សម្គាល់ខាងលើនៅឯសន្និសីទសារព័ត៌មានមួយ ក្នុងទីក្រុងប៉េកាំង។ លោក ម៉ា បានគូសបញ្ជាក់ដូច្នេះថា «ចិនមានបំណងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីសម្រេចឱ្យបាននូវការបង្រួបបង្រួមជាតិដោយសន្តិវិធី ហើយ ការបង្រួបបង្រួមជាតិនេះត្រូវតែធ្វើឡើងដោយចៀសមិនរួច»។ លោកបន្ថែមថាការប្ដេជ្ញាចិត្តរបស់ចិន ក្នុងការការពារទឹកដីរបស់ខ្លួន គឺមិនងាករេឡើយ។
គួរបញ្ជាក់ថា ចិនបានលើកឡើងនូវគំរូ «ប្រទេសមួយ ប្រព័ន្ធ ២» សម្រាប់តៃវ៉ាន់ ដូចគ្នាទៅនឹងទីក្រុងហុងកុង ដែរ។ ក៏ប៉ុន្តែ សំណើនេះត្រូវបានរដ្ឋាភិបាលតៃវ៉ាន់ ក្រោម ការដឹកនាំរបស់លោកស្រី សៃ អ៉ីងវិន បានច្រានចោល ដោយបញ្ជាក់ថាកោះតៃវ៉ាន់ មិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់ចិននោះទេ៕