(យូអិន)៖ នាយករដ្ឋមន្ត្រីជប៉ុន លោក គីស៊ីដា ហ្វូមីអុ (Fumio Kishida) បានលើកឡើងជាថ្មីពីបំណងចង់ជួបជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ខណៈ ភាពតានតឹងកំពុងកើនឡើង ជុំវិញកម្មវិធីអាវុធនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២១ ខែកញ្ញា ឆ្នាំ២០២២។

ថ្លែងទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ នៅថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅទីក្រុងញូវយ៉ក) លោក គីស៊ីដា បានបញ្ជាក់ទៀតថាជប៉ុននៅតែបន្តប្រកាន់ខ្ជាប់នូវ នយោបាយការទូតដែលត្រូវបានដាក់ចេញកាលពីជាង ២ទសវត្សរ៍មុន ដោយអតីតនាយករដ្ឋមន្ត្រី លោក ជូនីឈីរ៉ូ គ័យហ្សូមី (Junichiro Koizumi) នាឱកាសបំពេញ ទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់លោកទៅកាន់ទីក្រុងព្យុងយ៉ាង។ លោក គីស៊ីដា បានបន្ថែមដូច្នេះថា «ជប៉ុនត្រៀមខ្លួនសម្រាប់កិច្ចសន្ទនាលើបញ្ហាដែលជាក្ដីកង្វល់រួម ... ខ្ញុំមានការប្ដេជ្ញាចិត្តចង់ជួបជាមួយលោកប្រធាន គីម ជុងអ៊ុន ដោយគ្មានលក្ខខណ្ឌអ្វីទាំងអស់»

គួរបញ្ជាក់ថា លោក គីម ជុងអ៊ុន ធ្លាប់បានជួបជាមួយអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ចំនួន៣លើក សំដៅបន្ធូរបន្ថយភាពតានតឹង ក៏ប៉ុន្តែមិនអាចសម្រេច បានដំណោះស្រាយជាអចិន្ត្រៃយ៍ណាមួយឡើយ ពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែរកូរ៉េខាងជើង។ មិនតែប៉ុណ្ណោះ កាលពីពេលថ្មីៗនេះ លោក គីម ក៏បានដាក់ចេញច្បាប់ថ្មី ស្ដីពីអាវុធនុយក្លេអ៊ែរផងដែរ ជាមួយការសង្កត់ធ្ងន់ថាកូរ៉េខាងជើងនឹងមិនបោះបង់ចោលអាវុធនុយក្លេអ៊ែរជាដាច់ខាត៕