(វ៉ាស៊ីនតោន)៖ យោធាអាមេរិកបានឱ្យដឹងថា នាវាចម្បាំងអាមេរិក និងកាណាដា បានធ្វើដំណើរឆ្លងកាត់តំបន់ច្រកសមុទ្រតៃវ៉ាន់កាលពីថ្ងៃអង្គារសប្ដាហ៍នេះ ចំពេល កំពុងមានភាពតានតឹងយោធា រវាងទីក្រុងប៉េកាំង និងទីក្រុងតៃប៉ិ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២១ ខែកញ្ញា ឆ្នាំ២០២២។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន កងទ័ពជើងទឹកអាមេរិក បានឱ្យដឹងថានាវាពិឃាតរបស់ខ្លួន USS Higgins មួយគ្រឿង និងនាវាចម្បាំងកាណាមួយគ្រឿង បានធ្វើដំណើរឆ្លងកាត់តាមច្រកដ៏តូចមួយ នៃច្រកសមុទ្រតៃវ៉ាន់។ សេចក្ដីថ្លែងការណ៍ដដែលបានបញ្ជាក់ទៀតថាការធ្វើប្រតិបត្តិការ របៀបនេះគឺជាផ្នែកមួយ ដ៏សំខាន់របស់សហរដ្ឋអាមេរិក ក្នុងការការពារសន្តិសុខ និងវិបុលភាពនៅក្នុងតំបន់។

គួរបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នាវាចម្បាំងអាមេរិក និងម្ដងម្កាលមាននាវាចម្បាំងមកពីបណ្ដាប្រទេសជាសម្ព័ន្ធមិត្តដូចជាចក្រភពអង់គ្លេស និងកាណាដា បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ក្រោមស្លាកប្រតិបត្តិការនៃសេរីភាពធ្វើនាវាចរណ៍ជាទម្លាប់ក្នុងដែនទឹកអន្តរជាតិ។ ប៉ុន្តែ ចិនដែលចាត់ទុក តៃវ៉ាន់ត្រឹមជាខេត្តមួយរបស់ខ្លួន តែងតែបង្ហាញការខឹងសម្បារយ៉ាងខ្លាំងចំពោះសកម្មភាពបែបនេះ នៅក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់៕