(ហ្សឺណែវ)៖ អង្គការក្រៅរដ្ឋាភិបាលជាង ២០០ បានព្រមានកាលពីថ្ងៃអង្គារ (២០ កញ្ញា) ថារៀងរាល់ ៤វិនាទី មានមនុស្សម្នាក់បានស្លាប់ដោយសារការអត់ឃ្លាន ដោយជំរុញឲ្យមានចំណាត់ការអន្តរជាតិយ៉ាងម៉ឺងម៉ាត់ ដើម្បីបញ្ចប់វិបត្តិអត់ឃ្លានសកលដែលកំពុងកើនឡើង។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AP នៅថ្ងៃអង្គារ ទី២០ ខែកញ្ញា ឆ្នាំ២០២២។

នៅក្នុងលិខិតចំហរមួយ ដែលថ្លែងទៅកាន់មេដឹកនាំពិភពលោក ដែលប្រមូលផ្តុំគ្នានៅទីក្រុងញូវយ៉ក សម្រាប់មហាសន្និបាតអង្គការសហប្រជាជាតិ អង្គការចំនួន ២៣៨ មកពី 7៧៥ប្រទេស រួមទាំង Oxfam, Save the Children និង Plan International បានសម្តែងការខឹងសម្បារចំពោះការកើនឡើងយ៉ាងខ្លាំង នៃស្ថានភាពអត់ឃ្លានសកល។

ពួកគេបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «មនុស្សចំនួន ៣៤៥លាននាក់ ឥឡូវនេះកំពុងជួបប្រទះនឹងភាពអត់ឃ្លានធ្ងន់ធ្ងរ ដែលជាចំនួនកើនឡើងច្រើនជាងទ្វេដងចាប់តាំងពីឆ្នាំ២០១៩»

ពួកគេបាននិយាយថា «ទោះបីជាមានការសន្យាពីមេដឹកនាំពិភពលោកថា នឹងមិនអនុញ្ញាតឱ្យមានគ្រោះទុរ្ភិក្សម្តងទៀតក្នុងសតវត្សទី ២១ ក៏ដោយ ក៏គ្រោះទុរ្ភិក្សបានកើតមានម្តងទៀតនៅក្នុងប្រទេសសូម៉ាលី»

អង្គការមិនមែនរដ្ឋាភិបាលចង្អុលបង្ហាញថា គេបានប៉ាន់ស្មានថា មនុស្សរហូតដល់ ១៩,៧០០នាក់ស្លាប់ ដោយការស្រេកឃ្លានជារៀងរាល់ថ្ងៃ ដែលមានន័យថាមនុស្សម្នាក់ស្លាប់ដោយការស្រេកឃ្លានរៀងរាល់ ៤វិនាទីម្តង៕