(ប៊ែន)៖ ទីបំផុតក្រុមសកម្មជនស្វីស បានសុខចិត្តបោះបង់យុទ្ធនាការពួកគេចោលវិញហើយ ដែលមានបំណងរារាំងប្រទេសស្វីស ពីការទិញយន្តហោះចម្បាំង F-35A Lightning II ចំនួន៣៦គ្រឿង ដែលជាផលិតផលរបស់ ក្រុមហ៊ុនផលិតអាវុធអាមេរិក ឡុកឃីដ ម៉ាទីន (Lockheed Martin) បន្ទាប់ពីរដ្ឋាភិបាលស្វីសបានចុះកិច្ចព្រមព្រៀងតម្លៃ ៥.៥ពាន់លានដុល្លារ ដើម្បីទិញយន្តហោះទាំងនោះ ដោយមិនរង់ចាំឆ្លងកាត់ការបោះឆ្នោតប្រជាមតិ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២០ ខែកញ្ញា ឆ្នាំ២០២២។

កន្លងមកនេះ បន្ទាប់ពីរដ្ឋាភិបាលស្វីសបានសម្រេចជ្រើសរើសយក យន្តហោះចម្បាំង F-35 កាលពីឆ្នាំ២០២១ ដើម្បីប្រើប្រាស់ជា ក្រុមយន្តហោះចម្បាំងជំនាន់ថ្មីរបស់ខ្លួន ក្រុមសកម្មជនស្វីសដែលប្រឆាំងនឹងការសម្រេចចិត្តនេះ បានកើតមានការមិនពេញចិត្តជាខ្លាំង ហើយបានប្រកាសថា នឹងជំរុញឱ្យមានការបោះឆ្នោតប្រជាមតិ ដើម្បីលុបចោលការសម្រេចចិត្តនោះវិញ ដែលពួកគេហៅថាជា ជម្រើសមិនចាំបាច់។

គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន សភាស្វីសបានអនុម័តគាំទ្រចំពោះ ការទិញយន្តហោះចម្បាំងខាងលើ ហើយកិច្ចព្រមព្រៀង ត្រូវបានចុះហត្ថលេខាជាផ្លូវការ កាលពីថ្ងៃចន្ទសប្តាហ៍នេះ ស្របពេលដែលក្រុមសកម្មជន កំពុងបន្តប្រមែប្រមូលហត្ថលេខានៅឡើយ ដើម្បីបង្ខំឱ្យមានការធ្វើប្រជាមតិ នៅក្រោមប្រព័ន្ធលទ្ធិប្រជាធិបតេយ្យរបស់ស្វីស។ យ៉ាងណាក្តី ដោយសារកិច្ចព្រមព្រៀង ត្រូវបានចុះហត្ថលេខាជាស្ថាពរ រួចទៅហើយយ៉ាងដូច្នេះ ក្រុមសកម្មជនក៏បានឱ្យដឹងថា ពួកគេសម្រេចចិត្តបោះបង់ចោលកិច្ចប្រឹងប្រែងនេះវិញ ដ្បិតការធ្វើប្រជាមតិនឹងពុំមានប្រសិទ្ធភាពអ្វីទៀតឡើយ៕