(ប៉េកាំង)៖ និយាយចំពោះពួកយើង គ្រប់យ៉ាងចប់ហើយ។ គិតរហូតដល់បច្ចុប្បន្ននេះ ម្តាយម្នាក់នៃប្រទេសម៉ិកស៊ិកឈ្មោះ Hermelinda នៅមិនអាចដើរចេញផុតពីភាពឈឺចាប់នៅឡើយទេ។ កូនរបស់លោកស្រីបានស្លាប់បាត់បង់ជីវិត ក្នុងករណីសោកនាដកម្មរបស់ជនអន្តោប្រវេសន៍មួយលើក ដែលកើតឡើងនៅទីក្រុងSan Antonio រដ្ឋតិចសាស់ ប្រទេសអាមេរិកកាលពីខែ មិថុនា ឆ្នាំនេះ។ សោកនាដកម្មលើកនេះបណ្តាលឱ្យមនុស្សលើសពី៥០នាក់ ស្លាប់បាត់បង់ជីវិត។
ខណៈពេលជនអន្តោប្រវេសន៍របស់អាមេរិកឡាទីនធ្វើដំណើរទៅខាងជើង មនុស្សគ្រប់គ្នាសុទ្ធតែមាន «សុបិនអាមេរិក» ។ ប៉ុន្តែ ពួកគេនឹកស្មានមិនដល់ថា សំបុត្រដែលកាន់ក្នុងដៃរបស់ខ្លួន ប្រហែលជា «សំបុត្រមួយជើង»។ តាមការផ្សាយដំណឹងរបស់ ប្រព័ន្ធសារព័ត៌មាន FOX News របស់អាមេរិកនៅថ្ងៃទី១៨ ខែកញ្ញា បានឱ្យដឹងថា មន្ត្រីអាជ្ញាធរគយ និងនាយកដ្ឋានការពារព្រំដែនរបស់អាមេរិក បានថ្លែងថា ចាប់ពីចូលឆ្នាំសារពើពន្ធ២០២២ (ចាប់ពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១) រហូតដល់បច្ចុប្បន្ននេះ មានជនអន្តោប្រវេសន៍ចំនួន៧៨២នាក់ បានស្លាប់បាត់បង់ជីវិតខណៈពេលឆ្លងព្រំដែន រវាងអាមេរិកនិងម៉ិកស៊ិក ដែលបានបំបែកកំណត់ត្រាថ្មីក្នុងប្រវតិ្តសាស្ត្រម្តងទៀត ក្នុងនោះ គ្រាន់តែនៅខែកញ្ញាឆ្នាំនេះ ក៏មានជនអន្តោប្រវេសន៍ចំនួន ៣០នាក់បានស្លាប់បាត់បង់ជីវិតផងដែរ។
ដើម្បីដោះស្រាយបញ្ហាជនអន្តោប្រវេសន៍របស់អាមេរិកឡាទីន រដ្ឋាភិបាលអាមេរិកក៏បានគិតពិចារណាពីមធ្យោបាយជាច្រើនដែរ ដូចជាបានទម្លាក់ថវិកាជាច្រើនសម្រាប់សាងសង់ជញ្ជាំងនៅព្រំដែន និងដាក់ពង្រាយប៉ូលីសរាប់ម៉ឺននាក់ដែលត្រូវគេហៅថា «ចចកព្រៃឈើ» ជាដើម។ ប៉ុន្តែវិបតិ្តជនអន្តោប្រវេសន៍មិនត្រូវបានបន្ធូរបន្ថយនោះទេ ជាងនេះទៅទៀត ក៏មានករណីស្លាប់កាន់តែច្រើន បាននិងកំពុងកើតមាន។
បើមើលពីការពិតជាក់ស្តែងអាចឃើញថា ការកើតមានសោកនាដកម្ម មានទំនាក់ទំនងដោយផ្ទាល់ជាមួយ គោលនយោបាយជនអន្តោប្រវេសន៍របស់អាមេរិក។ ខណៈពេលឡើងកាន់មុខតំណែង លោក បៃដិន ប្រធានាធិបតីអាមេរិក ធ្លាប់សន្យាថានឹងធ្វើវិសោធនកម្មដោយគ្រប៉ជ្រុងជ្រោយ នូវសេចក្តីព្រាងច្បាប់អំពីជនអន្តោប្រវេសន៍ ប៉ុន្តែគិតរហូតដល់បច្ចុប្បន្ននេះនៅមិនទាន់ ទទួលបានប្រសិទ្ធភាពអីសោះ។
កាលពីខែធ្នូ ឆ្នាំមុន គោលនយោបាយស្តីពី «ទុកនៅម៉ិកស៊ិក» ដែលរដ្ឋភិបាលរបស់លោក ត្រាំបានដាក់ចេញត្រូវបានរៀបចំឡើងវិញម្តងទៀត បានជាជនអន្តោប្រវេសន៍មកពី ទ្វីបអាមេរិកភាគកណ្តាលត្រូវបណ្តេញទៅក្នុង ដែនដីប្រទេសម៉ិកស៊ិកវិញ បណ្តាលឱ្យបញ្ហាជនអន្តោប្រវេសន៍នៅព្រំដែន រវាងអាមេរិកនិងម៉ិកស៊ិកមានភាពកាន់តែធ្ងន់ធ្ងរ។ ទាក់ទិននឹងរឿងនេះ លោក krish o’mara vignarajah អតីតទីប្រឹក្សាជាន់ខ្ពស់របស់ក្រសួងការបរទេសអាមេរិក បានលើកឡើងថា គោលនយោបាយស្តីពីជនអន្តោប្រវេសន៍ ដ៏ខុសឆ្គងរបស់អាមេរិក ត្រូវទទួលខុសត្រូវមួយចំនួនធំចំពោះសោកនាដកម្មទាំងនេះ។
ជាពិសេស យោងតាមការបោះឆ្នោតពាក់កណ្តាលអាណត្តិ របស់អាមេរិកកាន់តែជិតចូលមកដល់ មួយផ្នែក អ្នកនយោបាយអាមេរិកបានធ្វើពាក្យសន្យា ក្លែងក្លាយគ្រប់បែបយ៉ាងក្នុងបញ្ហាជនអន្តោប្រវេសន៍ មួយផ្នែកទៀត ពួកគេក៏បានចាត់ទុកជនអន្តោប្រវេសន៍ជា ថ្នូរសម្រាប់ប្រកួតប្រជែងរវាងគ្នានិងគ្នាផងដែរ ។ ក្នុងបរិបទនៃការប្រកួតប្រជែងរវាងបក្សពួក ជនអន្តោប្រវេសន៍ទាំងនេះ ហាក់ដូចជាបាល់អ៊ីចឹង ត្រូវគេទាត់ទៅទាត់មក ហើយសិទ្ធិមនុស្សរបស់ជនអន្តោប្រវេសន៍ទាំងនេះ ក៏ដូចក្រដាសសំរាមអ៊ីចឹងដែលត្រូវបាន អ្នកនយោបាយអាមេរិកបោះចោល។
ភ្នាក់ងារអនុវត្តច្បាប់របស់អាមេរិកជិះសេះបណ្តេញជនអន្តោប្រវេសន៍របស់ប្រទេសហៃទី បំបែកគ្រួសារជនអន្តោប្រវេសន៍អាមេរិកឡាទីន រាប់ពាន់គ្រួសារដោយបង្ខំ ឃាត់ខ្លួនកុមារអន្តោប្រវេសន៍ ដែលបានចូលដែនអាមេរិកដោយខ្លួនឯង។ល។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រព័ន្ធសារព័ត៌មានបានបែកធ្លាយទង្វើអាក្រក់ជាច្រើន របស់រដ្ឋាភិបាលអាមេរិកទៅលើជនអន្តោប្រវេសន៍។ និយាយចំពោះជនអន្តោប្រវេសន៍អាមេរិកឡាទីន ដើមឡើយសុបិនអាមេរិក គឺជា «សិបុនអាក្រក់របស់អាមេរិក» ដ៏ពិតប្រាកដ៕
វិទ្យុមិត្តភាពកម្ពុជាចិន