(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២នេះ លោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ ព្រមទាំងមានការចូលរួមពីលោក ជា ខេមា អភិបាលខណ្ឌដូនពេញ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បានបន្ដបើកប្រតិបត្តិការចុះបង្ក្រាបទីតាំងសង្ស័យ មានបង្កប់ល្បែងស៊ីសងអនឡាញ នៅសណ្ឋាគារមីន (Min Hotel) ស្ថិតនៅសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ។

ប្រតិបត្តិការនេះមានការចូលរួមពីលោក គឹម ហុងសាន ព្រះរាជអាជ្ញារង, លោក លី ប៊ុនអេង ស្នងការរងរាជធានីភ្នំពេញ, លោក ចាប ឌីណា អភិបាលរងខណ្ឌដូនពេញ, លោក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ, លោក ថោង ពិសិដ្ឋ មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌដូនពេញ, អភិបាលរង, អធិការរងនគរបាលខណ្ឌ, មេបញ្ជាការរងនគរបាលខណ្ឌ, លោកចៅសង្កាត់ផ្សារថ្មី៣ និងលោកនាយប៉ុស្តិ៍ផ្សារថ្មី៣។

លោក ចាប ឌីណា អភិបាលរងខណ្ឌដូនពេញ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា លទ្ធផលក្នុងប្រតិបត្តិការនេះ នៅបន្ទប់២០២ មានកុំព្យូទ័រលេីតុចំនួន៤គ្រឿង កំពុងដំណេីរការ, ទូរស័ព្ទសរុប៧២គ្រឿង និងនៅបន្ទប់ ១៦៨ មានកុំព្យូទ័រ Laptop ចំនួន០២គ្រឿង, ដុំសាកទូរស័ព្ទដៃម៉ាក Iphone, Sumsung និងសុីមកាតមួយចំនួន។

លោក ចាប ឌីណា បានបន្ដទៀតថា ជាក់ស្តែងនៅទីតាំងមិនមានអ្នកស្នាក់នៅក្នុងបន្ទប់២០២នេះទេ តែម៉ាសុីនកុំព្យូទ័រកំពុងបេីកដំណេីរការ។ ដោយឡែកនៅបន្ទប់១៦៨ ក៏មិនមានមនុស្សដែរ តែមានកុំព្យូទ័រពីរគ្រឿងមិនដំណេីរការ។ បច្ចុប្បន្នកម្លាំងសមត្ថកិច្ចជំនាញកំពុងបន្ដនីតិវិធី៕