(ប៉េកាំង)៖ កាលពីថ្ងៃទី១៧ ខែកញ្ញា «សន្និសីទផ្សព្វផ្សាយក្វាងស៊ីស្តីពី ការរួមគ្នាកសាងច្រករបៀងថ្មីភ្ជាប់ផ្លូវដែកផ្លូវគោក នឹងផ្លូវសមុទ្រភាគខាងលិចប្រកបដោយកម្រិតខ្ពស់» បានប្រព្រឹត្តទៅនៅទីក្រុងណាននីង ភូមិភាគក្វាងស៊ីប្រទេសចិន។

កំឡុងពេលសន្និសីទ គេក៏មានរៀបចំពិធីសម្ពោធដំណើរការខ្សែរថភ្លើងសាកល្បង នៃរថភ្លើងភ្ជាប់ផ្លូវគោកនឹង សមុទ្រឈូងសមុទ្រ Beibu ភូមិភាគក្វាងស៊ី-ទីបេ ដែលនេះជាសញ្ញាបញ្ជាក់ថា ខ្សែផ្លូវដែកច្រករបៀងថ្មីភ្ជាប់ផ្លូវដែកផ្លូវគោក នឹងផ្លូវសមុទ្រនៅភាគខាងលិចប្រទេសចិន សម្រេចបានការគ្របដណ្តប់ទូទាំងតំបន់ភាគខាងលិច ជាផ្លូវការ។

ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយ រដ្ឋាភិបាលប្រជាជននៃភូមិភាគស្វយ័តជនជាតិជាំងក្វាងស៊ី ដោយមានវត្តមានបុគ្គលជាង ២០០នាក់ មកពីគណៈកម្មាធិការអភិវឌ្ឍន៍ និងកំណែទម្រង់ជាតិប្រទេសចិន សហគ្រាសមជ្ឈិម ស្ថាប័នពាក់ព័ន្ធមកពីទីក្រុង Chongqing, ខេត្ត Gansu, Qinghai, Liaoning, Henan, Hunan ព្រមទាំងតំណាងសហគ្រាស និងសមាគមធុរកិច្ចពាក់ព័ន្ធ ចូលរួមក្នុងពិធីនេះ។

សន្និសីទផ្សព្វផ្សាយផ្តោតលើប្រធានបទ «រួមគ្នាកសាងច្រករបៀងថ្មីភ្ជាប់ផ្លូវគោកនឹងផ្លូវសមុទ្រ ចែករំលែកឱកាសថ្មីសម្រាប់ការអភិវឌ្ឍន៍»។ សន្និសីទផ្សព្វផ្សាយបានផ្តោតលើការផ្សព្វផ្សាយខ្សែរថភ្លើង ខ្សែសាឡាង ការដឹកជញ្ជូនឆ្លងកាត់ព្រំដែន ការដឹកជញ្ជូនតាមផ្លូវអាកាស និងផលិតផលផ្សេងៗទៀតនៅក្នុងច្រករបៀង ព្រមទាំង សួនឧស្សាហកម្មសំខាន់ៗដូចជា «ប្រទេសពីរ និងឧទ្យានពីរ» ចិនម៉ាឡេស៊ី និងកំពង់ផែផ្លូវរថភ្លើងអន្តរជាតិណាននីងជាដើម។

តាមប្រភពបានឱ្យដឹងថា ចាប់ពីខែមករាដល់ខែសីហាឆ្នាំនេះ ខ្សែរថភ្លើងដឹកជញ្ជូនតាមច្រករបៀងថ្មីភ្ជាប់ផ្លូវគោកនឹង ផ្លូវសមុទ្រភាគខាងលិច រត់បានសរុបចំនួន ៥៨១៦ ខ្សែ កើនឡើង ៤៨% កំពង់ផែឈូងសមុទ្រ Beibu បានសម្រេចការដឹកជញ្ជូនកុងតឺន័រចំនួន ៤លាន ៣សែន ៦ម៉ឺន ២ពាន់កុងតឺន័រ កើនឡើង ២០% ហើយសូចនាករផ្សេងៗ នៃប្រតិបត្តិការរបស់ច្រករបៀងបានបន្តឆ្ពោះទៅរកភាពប្រសើរឡើង។

ភាពទាក់ទាញ និងការប្រកួតប្រជែងនៃច្រករបៀងថ្មីភ្ជាប់ផ្លូវគោក នឹងផ្លូវសមុទ្រភាគខាងលិចត្រូវបានពង្រឹងជាបន្តបន្ទាប់ ហើយវាបានក្លាយជាច្រករបៀងសំខាន់សម្រាប់ទំនិញនៅតំបន់កណ្តាល និងខាងលិច ចេញទៅកាន់សមុទ្រ និងព្រំដែន ហើយក៏ក្លាយជាច្រករបៀងដឹកជញ្ជូនលឿនបំផុត និងងាយស្រួលបំផុតដែលតភ្ជាប់ប្រទេសចិន នឹងតំបន់អាស៊ាន ក្រោមក្របខណ្ឌកិច្ចព្រមព្រៀង RCEP៕

វិទ្យុមិត្តភាពកម្ពុជាចិន