(កៀវ)៖ ក្នុងកិច្ចប្រជុំកំពូលអង្គការសហប្រជាតិ នាយករដ្ឋមន្រ្តីអង់គ្លេស លោកស្រី លីស ត្រាស់ (Liz Truss) ត្រូវបានគេរំពឹងថា នឹងសន្យាផ្តល់ជំនួយសម្រាប់ឆ្នាំ២០២៣ ឱ្យដល់ឬលើសទំហំ២.៣ពាន់លានផោន (២.៦ពាន់លានដុល្លារអាមេរិក) នៃជំនួយយោធាដែលទីក្រុងឡុងដ៍ បាននិងកំពុងចំណាយលើអ៊ុយក្រែន សម្រាប់ឆ្នាំ២០២២នេះ ដើម្បីបង្កើនការគាំទ្របន្ថែមទៀត សម្រាប់ទីក្រុងកៀវ ចំពោះមុខសង្រ្គាមជាមួយរុស្ស៉ី។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២០ ខែកញ្ញា ឆ្នាំ២០២២។
វាជាដំណើរទស្សនកិច្ចអន្តរជាតិលើកដំបូងរបស់លោកស្រី ត្រាស់ ក្នុងនាមជានាយករដ្ឋមន្រ្តីអង់គ្លេស ហើយលោកស្រី គ្រោងនឹងអំពាវនាវដល់មេដឹកនាំផ្សេងទៀត នៅឯមហាសន្និបាទ UN នាទីក្រុងញូយ៉ក ឲ្យជួយបញ្ចប់ការច្របាច់កថាមពលរបស់រុស្ស៉ីមកលើតំបន់អឺរ៉ុប។ ជាមូយគ្នានេះ លោកស្រី ក៏គ្រោងនឹងជួបជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន ផងដែរ នៅថ្ងៃពុធសប្តាហ៍នេះ ដើម្បីគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់លោកស្រី ក្នុងការគាំទ្រអ៊ុយក្រែន។
ក្នុងសេចក្តីថ្លែងការណ៍មួយ លោកស្រី ត្រាស់ បានគូសបញ្ជាក់ថា «សាររបស់ខ្ញុំទៅកាន់ប្រជាជនអ៊ុយក្រែននាពេលនេះគឹ ៖ចក្រភពអង់គ្លេសនឹងបន្តឈរនៅពីក្រោយ អ្នកគ្រប់ស្ថានការណ៍។ សន្តិសុខរបស់អ្នកគឺជាសន្តិសុខរបស់យើង។ ជីវិតមនុស្សជាច្រើននៅអ៊ុយក្រែន អឺរ៉ុប និងជុំវិញពិភពលោកកំពុង ត្រូវបានគ្រប់គ្រងដោយការពឹងផ្អែកលើថាមពលរុស្ស៊ី។ ដូច្នេះយើងត្រូវធ្វើការជាមួយគ្នាដើម្បីបញ្ចប់ បញ្ហាសម្រាប់យើងទាំងអស់គ្នា»។
គួរបញ្ជាក់ថា ចក្រភពអង់គ្លេសគឺជាអ្នកផ្តល់ជំនួយយោធាធំជាងគេទី២ ដល់អ៊ុយក្រែន ជាមួយនឹងការប្តេជ្ញាចិត្តផ្តល់ជំនួយចំនួន ២.៦ដុល្លារ ក្នុងឆ្នាំ២០២២ ហើយជំនួយសម្រាប់ឆ្នាំក្រោយ នឹងត្រូវកំណត់ដោយតម្រូវការរបស់កងទ័ពអ៊ុយក្រែន ប៉ុន្តែគេរំពឹងថា វានឹងអាចរួមមានូវប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត ផងដែរ៕