Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ត្រីការបរទេសអាមេរិក ជំរុញឱ្យអាមេនី និងអាស៊ែបៃហ្សង់ ត្រឡប់ទៅរកតុចរចាសន្តិភាព (Video inside)

20-09-2022 11:56

(វ៉ាស៉ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្លីនខិន (Antony Blinken) បានជួបជាមួយរដ្ឋមន្ត្រីការបរទេសអាមេនី និងអាស៊ែបៃហ្សង់ ក្នុងទីក្រុងញូវយ៉ក នៅថ្ងៃចន្ទសប្តាហ៍នេះ ដើម្បីសម្របសម្រួលការចរចាដោយផ្ទាល់ជាលើកដំបូងរវាងភាគីទាំងពីរ គិតចាប់តាំងពីការប៉ះទង្គិចគ្នានៅព្រំដែនដ៏ធ្ងន់ធ្ងរ ក្នុងខែកញ្ញានេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២០ ខែកញ្ញា ឆ្នាំ២០២២។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក នេត ប្រាយស៍ (Ned Price) បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍ថា នៅឯកិច្ចប្រជុំជាមួយលោក អារ៉ារ៉ាត់ មៀហ្សូយ៉ាន (Ararat Mirzoyan) រដ្ឋមន្រ្តីការបរទេសអាមេនី និងលោក ហ្សេហ៊ូន បាយរ៉ាម៉ូវ (Jeyhun Bayramov) រដ្ឋមន្រ្តីការបរទេសអាស៊ែបៃហ្សង់ នៅក្រៅមហាសន្និបាត អង្គការសហប្រជាជាតិ លោក ប្លីនខិន បានសង្កត់ធ្ងន់លើតម្រូវការដើម្បីទប់ស្កាត់ការប្រយុទ្ធគ្នាបន្ថែមទៀត និងជំរុញឲ្យភាគីទាំងពីរវិលត្រឡប់ទៅរកដំណើរការ សន្តិភាពឡើវិញ។ លោក នេត ប្រាយស៍ បន្តថារដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំង៣ ក៏បានពិភាក្សាគ្នាអំពីជំហានបន្ទាប់ផងដែរ ហើយលោក ប្លីនខិនបានលើកទឹកចិត្តឲ្យ ភាគីទាំងពីរជួបគ្នាម្តងទៀត នៅមុនដំណាច់ខែកញ្ញានេះ។

គួរបញ្ជាក់ថា ការប្រយុទ្ធគ្នារវាងទាហានអាមេនី និងអាស៊ៃបៃហ្សង់ នៅព្រំដែន ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែកញ្ញា កន្លងទៅនេះ គឺបានធ្វើឲ្យមានចំនួនមនុស្សស្លាប់ ច្រើនបំផុត បើធៀបទៅនឹងសង្រ្គាមរយៈពេល ៦សប្តាហ៍ក្នុងឆ្នាំ២០២០ ដែលបានបណ្តាលឲ្យមនុស្សរាប់ពាន់នាក់បានស្លាប់។ ក្នុងសង្រ្គាមនៅពេលនោះ អាស៊ៃបៃហ្សង់ ទទួលបានទឹកដីនៅក្នុង និងជុំវិញតំបន់ណាហ្គ័រណូ-ការ៉ាបាកស្ក៍ (Nagorno-Karabakh) មកវិញ៕