(កៀវ)៖ អ៊ុយក្រែន បានអះអាងថាកងកម្លាំងរបស់ខ្លួនបានរុលទៅមុខកាន់តែជ្រៅ ចូលទៅក្នុងទឹកដីដែលរុស្ស៉ីបោះបង់ចោលនាពេលថ្មីៗនេះ ដោយបើកផ្លូវសម្រាប់ ការវាយលុកលើកងកម្លាំងរបស់រុស្ស៉ីនៅក្នុងតំបន់ដុនបាស់ ខណៈទីក្រុងកៀវក៏កំពុងដង្ហើយរកជំនួយអាវុធរបស់លោកខាងលិចបន្ថែមទៀត។ នេះបើយោងតាម ការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២០ ខែកញ្ញា ឆ្នាំ២០២២។
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានគូសបញ្ជាក់តាមរយៈសារជាវីដេអូ យ៉ាងដូច្នេះថា «ពួកឈ្លានពាន ប្រាកដជាកំពុងភ័យស្លន់ស្លោ។ ឥលូវនេះ កងម្លាំងរបស់យើងកំពុងបន្ថែមល្បឿនរុលចូលទៅក្នុងតំបន់ដែលត្រូវបានរំដោះ»។ លោក ហ្សេលេនស្គី បានបន្ថែមថា «យើងកំពុងធ្វើគ្រប់យ៉ាងដើម្បីធានាថាតម្រូវការ អ៊ុយក្រែន ត្រូវបានបំពេញគ្រប់កម្រិតទាំងវិស័យការពារជាតិ ហិរញ្ញវត្ថុ សេដ្ឋកិច្ច និងការទូត»។
ដោយឡែក អភិបាលតំបន់លូហាន់ លោក សឺហ៉ី ហ្គៃដៃ (Serhiy Gaidai) បាននិយាយថា កងកម្លាំងប្រដាប់អាវុធរបស់អ៊ុយក្រែន បានកាន់កាប់ភូមិប៊ីឡូហូរីវកា (Bilohorivka) ឡើងវិញទាំងស្រុង ហើយកំពុងរៀបចំដណ្តើមយកទឹកដីទាំងអស់ក្នុងតំបន់លូហាន់ពីដៃរុស្ស៉ីមកវិញ។ នៅក្នុងសញ្ញានៃការព្រួយបារម្ភអំពីភាពជោគជ័យ របស់អ៊ុយក្រែននាពេលថ្មីៗនេះ មេដឹកនាំរបស់ក្រុមបំបែកខ្លួនដែលគាំទ្រដោយរុស្ស៉ី ក្នុងតំបន់ដុនបាស់ បានអំពាវនាវឲ្យមានការរៀបចំធ្វើប្រជាមតិជាបន្ទាន់ លើតំបន់នេះឲ្យក្លាយជាផ្នែកមួយនៃទឹកដីរុស្ស៉ី។
គួរបញ្ជាក់ថា ភូមិដែលអ៊ុយក្រែនវាយយកបានពីរុស្ស៉ីវិញខាងលើនេះ គឺមានចម្ងាយត្រឹមតែ ១០គីឡូម៉ែត្រពីភាគខាតងលិចទីក្រុងលីស៉ីឆាន់ស៍ ដែលបានធ្លាក់ទៅ ក្នុងដៃរុស្ស៉ី ក្រោយការប្រយុទ្ធគ្នាជាច្រើនសប្តាហ៍ កាលពីខែកក្កដា៕