(ញូវយ៉ក)៖ អាជ្ញាធរអាមេរិក បានដាក់ចេញវិធានការការពារសន្តិសុខដ៏តឹងរ៉ឹងជាច្រើន នៅក្នុងទីក្រុងញូវយ៉ក នៅមុនសម័យប្រជុំលើកទី៧៧ នៃមហាសន្និបាត អង្គការសហប្រជាជាតិនៅក្នុងសប្ដាហ៍នេះ ដែលនឹងមានការចូលរួមពីប្រមុខរដ្ឋ និងអ្នកតំណាងរដ្ឋាភិបាលជាង ១៥៧រូប មកពីជុំវិញពិភពលោក។ នេះបើតាមការ ដកស្រង់ចេញពីទីភ្នាក់ងារសារព័ត៌មាន Anadolu នៅថ្ងៃអង្គារ ទី២០ ខែកញ្ញា ឆ្នាំ២០២២។
នាយកដ្ឋានប៉ូលិសក្នុងទីក្រុងញូវយ៉ក នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងសណ្ដាប់ធ្នាប់ និងសន្តិសុខ ជាមួយការដាក់ពង្រាយមន្ត្រីប៉ូលិស ៥៥,០០០នាក់ ដើម្បី សហការជាមួយប៉ូលិសមកពីអង្គការសហប្រជាជាតិ និងប៉ូលិស FBI។
គួរបញ្ជាក់ថា ប្រមុខរដ្ឋ និងអ្នកតំណាងរដ្ឋាភិបាលជាង១៥៧រូប នឹងត្រូវថ្លែងសុន្ទរកថាចាប់ពីថ្ងៃអង្គារនេះ រហូតដល់ថ្ងៃអាទិត្យចុងសប្ដាហ៍នេះ ហើយសង្រ្គាមអ៊ុយក្រែន អាចនឹងក្លាយជារបៀបវារៈដ៏សំខាន់។ នេះគឺជាលើកដំបូងបំផុតដែលមហាសន្និបាតអង្គការសហប្រជាជាតិបើកសម័យប្រជុំ របស់ខ្លួនដោយមានការចូលរួមដោយផ្ទាល់ ពីបណ្ដាប្រមុខរដ្ឋ និងរដ្ឋាភិបាលមកពីជុំវិញពិភពលោកចាប់តាំងពីផ្ទុះឡើងនូវជំងឺរាតត្បាតកូវីដ១៩មក៕