(ហ្សឺរីច)៖ ប៉ូលិសបាននិយាយថា អគ្គីភ័យបានឆាបឆេះកាលពីព្រឹកថ្ងៃចន្ទ (ទី១៩ ខែកញ្ញា) នៅភោជនីយដ្ឋានកំពូលភ្នំមួយ នៅជួរភ្នំអាល់ស្វីស ដែលមានកម្ពស់ ៣,០០០ម៉ែត្រ ហើយឧទ្ធម្ភាគចក្រកំពុងជួយពន្លត់ភ្លើង។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៩ ខែញ្ញា ឆ្នាំ២០២២។
អ្នកថតរូប Reuters បានរាយការណ៍ថា ផ្សែងចេញពីជាន់ខាងលើ នៃភោជនីយដ្ឋាន Botta ភាគខាងកើតនៃបឹង Geneva ដែលរចនាដោយស្ថាបត្យករជនជាតិស្វីស លោក Mario Botta។
ប៉ូលីសបាននិយាយថា កិច្ចខិតខំប្រឹងប្រែងដើម្បីពន្លត់ភ្លើងកំពុងបន្ត ដោយមានជំនួយពីឧទ្ធម្ភាគចក្រចំនួន ៤គ្រឿងកំពុងប្រតិបត្តិការ ហើយវាហាក់ដូចជាមិនទាន់មាននរណាម្នាក់រងរបួសនោះទេ។ ព្រះរាជអាជ្ញាបានបើកការស៊ើបអង្កេត ដើម្បីកំណត់ពីមូលហេតុនៃការឆេះនេះ៕