(ឡុងដ៍)៖ នាថ្ងៃចន្ទនេះ ចក្រភពអង់គ្លេសបានចាប់ផ្តើមការប្រារព្ធ ព្រះរាជពិធីបុណ្យព្រះសព របស់មហាក្សត្រិយ៍ អេលីហ្សាបេតទី២ (Elizabeth II) ហើយនៅឯព្រះវិហារ វេសមីនស្ទើ អាប់ប៊ី (Westminster Abbey) ក្នុងទីក្រុងឡុងដ៍ ខណៈបណ្តាមេដឹកនាំ ឥស្សរជន និងរាជវង្សានុវង្ស មកពីបរទេសបានអញ្ជើញមកចូលរួម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៩ ខែកញ្ញា ឆ្នាំ២០២២។

ម្ចាស់ក្សត្រិយ៍ Elizabeth បានចូលទិវង្គតកាលពីថ្ងៃទី៨ ខែកញ្ញា នៅព្រះរាជដំណាក់ បាល់ម៉ូរ៉ាល់ (Balmoral) ក្នុងប្រទេសស្កុតឡែន បន្ទាប់ពីបាត់ព្រះភក្ត្រពីសាធារណៈអស់រយៈពេលជាច្រើនខែ ស្របពេលដែលព្រះរាជសុខភាពរបស់ទ្រង់ បានបន្តចុះទន់ខ្សោយ។ ទោះជាបែបនេះក្តី ២ថ្ងៃមុនទ្រង់សោយទិវង្គត ម្ចាស់ក្សត្រិយ៍ Elizabeth បានឆ្លៀតអនុញ្ញាតឱ្យលោកស្រី លីស ត្រាស់ (Liz Truss) ចូលគាល់ដើម្បីតែងតាំង លោកស្រីជានាយករដ្ឋមន្រ្តីចក្រភពអង់គ្លេសទី១៥ និងចុងក្រោយគេ អំលុងការគ្រងរាជ្យរយៈពេល ៧០ឆ្នាំរបស់ទ្រង់។

គួរបញ្ជាក់ថា ក្រោយការសោយទិវង្គតរបស់ម្ចាស់ក្សត្រិយ៍ Elizabeth ព្រះបុត្រាច្បងរបស់ទ្រង់ គឺព្រះអង្គម្ចាស់ ឆាល (Charles) បានឡើងស្នងរាជ្យជាព្រះមហាក្សត្រថ្មី ដោយមានព្រះនាមជា ស្តេចឆាលទី៣ (Charles)។ ព្រះសពរបស់ម្ចាស់ក្សត្រិយ៍ Elizabeth នឹងត្រូវបញ្ចុះនៅព្រះរាជដំណាក់ វិនសឺ (Winsor) ជាមួយព្រះស្វាមីទ្រង់ គឺព្រះអង្គម្ចាស់ ហ្វីលីព (Philip) ដែលបានសោយទិវង្គត កាលពីខែមេសា ឆ្នាំ២០២១៕